សហភាពអឺរ៉ុប ផ្តល់នាវាល្បាត៧គ្រឿងដល់ខេត្តកោះកុង ដើម្បីទប់ស្កាត់បទល្មើសនេសាទ

សង្គម​និង​សេដ្ឋកិច្ច

នាវាល្បាតចំនួន៧គ្រឿងស្ថិត​ក្រោម​ហិរញ្ញប្បទាន​ឥតសំណង​របស់​សហភាព​អឺរ៉ុបនៃកម្មវិធី CAPFISH-Capture ត្រូវបានប្រគល់ជូនដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌ​រដ្ឋបា​ល​ជលផលតំបន់ឆ្នេរទាំង៤ ក្នុងខេត្តកោះកុង ដើម្បីទប់ស្កាត់បទល្មើស នេសាទ​និង​ការពារ​ធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួលនាវាល្បាត បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ​ជាច្រើននាក់។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សហភាពអឺរ៉ុប​បានផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និង​បរិយាប័ន្ន​នៃអនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែល​បានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍ​អនុវិស័យ​ជលផល និងផលិតកម្មសត្វ។

លោក វេង សាខុន បន្តថា ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី CAPFISH-Capture កន្លងមកនេះ សហ​ភាពអឺរ៉ុបបានផ្តល់នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារការិ​យា​ល័​យ និងសម្ភារ សម្រាប់អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ដល់អង្គភាពអនុវត្តសកម្មភាព​ផ្ទាល់​ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមគ្នា​នេះសហភាពអឺរ៉ុបក៏​បានផ្តល់​ហិរញ្ញប្ប​ទាន​​ឥតសំណងសម្រាប់គម្រោងកម្មវិធីថ្មីចំនួន២ទៀតដែលបាន​និងកំពុងអនុវត្តដោយ​រដ្ឋបាល​ជល​ផលគឺកម្មវិធី CaPFish-Aquaculture និង CAPFISH-Capture ដែលគម្រោងទាំង២នេះ​ចាប់​ផ្តើមពីឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅ​ឆ្នាំ​២០២៤។

ជាមួយគ្នានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានណែនាំអោយមន្ត្រី​ជំនាញ​និងសហគមន៍​ ប្រើប្រាស់​នាវាល្បាតទាំងនេះឱ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស និងខិត​ខំចេញល្បាតដើម្បីការពារ​បទល្មើស និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ ជាពិសេស​អាជ្ញាធ​រមូលដ្ឋាន​សហគមន៍នេសាទ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវ​ចូលរួមសហការគ្នា ដើម្បីទប់ស្កាត់បទល្មើសនេសាទទាំងឡាយ ដូចជា ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ ការនេសាទនៅក្នុងតំបន់ហាមឃាត់ជាដើម ៕