ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជំរុញដល់​កងកម្លាំង​នគរបាល​ទាំងអស់​បំពេញការងារ​ ដោយគោរពវិន័យ​និងវិជ្ជាជីវៈ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បី​ចូលរួមអនុវត្តផែន​ការយុទ្ធសាស្រ្ត ក៏ដូចជាយន្តការកំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំង​ក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អ​ប្រសើបន្ថែមទៀត លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានជំរុញ​ដល់នគរ​បាល​សន្តិសុខផ្ទៃក្នុង និង​នគរបាល​អនុវត្តចរាចរណ៍ផ្លូវគោកទាំងអស់ គប្បីបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់ឧត្តមសេនីយ៍ឯកដូចនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញចរាចរណ៍ផ្លូវគោក និងបំប៉ន​ជំនាញ​សន្តិសុខ​ផ្ទៃក្នុង​នៅ​សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី​០៥ ខែឧសភា ឆ្នាំ២០២២នេះ។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា ក្នុងនាមជាកងកម្លាំងបម្រើសន្តិ​សុខសណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រទេសជាតិទាំងមូលត្រូវធ្វើអ្វីគោរពទៅតាមវិន័យ និងវិជ្ជាជីវៈរបស់ខ្លួន ដូច​​អ្វី​ដែលស្របទៅតាមការកែទម្រង់​របស់​ក្រសួង​មហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញនានា​ដល់កងកម្លាំង​នគរបាល​ទាំងអស់ គឺដើម្បីបង្កើន​ជំនាញ សមត្ថភាព និងវិជ្ជាជីវៈ ក្នុងកិច្ចការងារថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជូនដល់ប្រជាជន និងប្រទេស​ជាតិ។ វគ្គបណ្តុះ​​បណ្តាលនេះ ដើម្បីឲ្យយល់​ដឹងកាន់តែច្បាស់​បន្ថែម​ទៀតនូវមូលដ្ឋានច្បាប់របស់​កងកម្លាំង​​នគរបាលផងដែរ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់​នាពេលកន្លងមក ដែល​បានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាជន និងប្រទេសជាតិ​ផងដែរ ជាពិសេស​ក្នុងរយៈ​ពេលពីរឆ្នាំចុង​ក្រោយ​នេះ បានខិតខំយ៉ាងខ្លាំងទាំងយប់ទាំងថ្ងៃ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល ទប់ស្កាត់ការរីករាលដាល នៃមេរោគ​កូវីដ-១៩ ទទួលបានជោគជ័យ តាំងពីចាប់ផ្តើមបិទប្រទេស រហូតបើកដំណើរការប្រទេសឡើងវិញ ៕