លោក ហ៊ុន ម៉ាណែត៖ ការចូលរួមចំណែក​ពីក្រុម​គ្រូពេទ្យ​កង​​កម្លាំង អាជ្ញាធរ និងសប្បុរសជន ធ្វើឲ្យកម្ពុជា​អាចគ្រប់​គ្រង​លើកូវីដ១៩ បានល្អប្រសើរ

សង្គម​និង​សេដ្ឋកិច្ច

ការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ជាង២ឆ្នាំកន្លងនេះ បច្ចុប្បន្ន​កម្ពុជាកំពុងដើរឈាន​មកដល់​ភាពស្វ័យ​ម្ចាស់​ការលើគ្រប់​គ្រងជំងឺកូវីដ-១៩ និងការរៀនរស់នៅស្របតាម​គន្លងប្រក្រតី​ភាពថ្មី។ បើតាម​ លោក ហ៊ុន ម៉ាណែត ប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ​(TYDA) នៅក្នុងពិធីសំណេះសំណាលថ្លែង​អំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យ​សម្ដេចតេជោ​​ប្រឆាំង​-១៩ កាល​ពី​ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈម​ណ្ឌលសន្និបាតនិ​ង​ពិពណ៌អន្តរជាតិ​​ជ្រោយចង្វារ ថាភាពជោគជ័យលើកូវីដ១៩ ដែលកម្ពុជា​កំពុងមានបច្ចុប្បន្ន គឺមិនអាច​កាត់ផ្តាច់ឡើយ​ពីការ​​ចូល​​​រួមចំណែកពីក្រុមគ្រូពេទ្យជួរមុខ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពជោគជ័យនេះមិនមែនជាការចៃដន្យនោះទេ គឺសម្ដេច​​តេជោ ហ៊ុន សែន មាន​យុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូន​ប្រជា​​ពលរដ្ឋ​​ទូទាំង​ប្រទេស​ហើយទទួល​បានប្រសិទ្ធ​ភាពក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេស​ជឿនលឿនមួយចំនួនមិនបាន​ចាក់វ៉ាក់​​សាំង​គ្រប់នៅឡើយ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្តថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយ​សង្គ្រោះ​ជីវិតប្រជាពលរដ្ឋ តាមរយ:ការអនុវត្តជាក់ស្ដែងនៅតាមគោលដៅ​​មជ្ឈ​មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយមាន​ការចូលរួមពីសប្បុរសជន កងកម្លាំង អាជ្ញាធរ និងផ្នែក​​​ដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យ​​មកដល់​ពេល​នេះ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏អរគុណគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សប្បុរសជន​កងកម្លាំង អាជ្ញាធរ​គ្រប់​​លំដាប់ថ្នាក់ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាល​ភ្លៀង ហាលក្តៅ រហូតធ្វើឱ្យទទួលបានភាពជោគជ័យ​ដូចសព្វថ្ងៃនេះ។ មិនតែ​ប៉ុណ្ណោះ ការចូលរួមចំណែកនេះបានធ្វើឱ្យប្រទេសកម្ពុជា​​ជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋ​អាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព។

គួរបញ្ជាក់ថា ក្រោយពីមានការអំពាវនាវរកគ្រូពេទ្យស័្មគ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជាមួយការរីករាល​ដាល​​នៃជំងឺកូវីដ១៩ នៅកម្ពុជា កាលអំឡុងខែមីនា ឆ្នា២០២០ តាមរយៈការអំពាវនាវនេះមានអ្នក​​ប្រកប​វិជ្ជាជីវៈ​​ពេទ្យ សិស្ស និងនិស្សិត ដែល​​បានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យ​ចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។

ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើក​វគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំងឺ​កូវីដ១៩ និងបានចេញបំពេញបេសកកម្ម ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង២ឆ្នាំមក​​ហើយ ៕