សហគ្រាសធុនមីក្រូ តូច និងមធ្យម បានការគាំទ្រហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្មនិងការផ្គត់ផ្គង់ ពីADB និងFTB

សង្គម​និង​សេដ្ឋកិច្ច

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) បានចូលរួមជាមួយកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ ហៅកាត់ថា TSCFP របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) របស់ប្រទេស។ នេះបើយោងតាម ADB។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារវាងADB និង FTB កាលថ្ងៃទី៦ខែកុម្ភៈ នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ដើម្បីលើកកម្ពស់ការចូលរួមរបស់វិស័យនេះ ក្នុងការធ្វើ ពិពិធកម្ម សេដ្ឋកិច្ចរបស់កម្ពុជា។ វានឹងដោះស្រាយគម្លាតទីផ្សារ ដោយផ្តល់ហិរញ្ញប្បទានតាមរយៈ ធនាគារដៃគូ ដើម្បីគាំទ្រដល់ពាណិជ្ជកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលតំណាងឱ្យ ប្រមាណ ៩៩% នៃសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា»។

ក្នុងនាមជាធនាគារដៃគូរបស់TSCFP ធនាគារពាណិជ្ជកម្មក្រៅបរទេសនៃកម្ពុជា នឹងផ្តល់ការគាំទ្រដល់អតិថិជនជាសហគ្រិន និង MSMEs នៅក្នុងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យឧបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្មដែលចេញដោយ FTB ទទួលបានការធានាឥណទានពី TSCFP ។ ជំនួយនេះត្រូវបានរំពឹងថានឹងជួយបង្កើនចំនួនធនាគារអន្តរជាតិចូលរួមក្នុងទីផ្សារកម្ពុជា។

ពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ហើយកិច្ចសហប្រតិបត្តិការថ្មីនេះនឹងផ្តល់ឱកាសបន្ថែមទៀតដើម្បីពង្រីកការគាំទ្រសម្រាប់ជំនួញ និងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ។ ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់ប្រទេស ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦៣,២៨ លានដុល្លារចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣។

ដើម្បីធ្វើឱ្យកិច្ចសហការមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន FTB បាននិងកំពុងធ្វើការជាមួយ TSCFP រួចហើយ ដើម្បីបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួនក្នុងការសម្របសម្រួលពាណិជ្ជកម្ម។ TSCFP បានជួយកសាងសមត្ថភាពនៅក្នុង FTB លើការរៀបចំរបាយការណ៍ ការអនុវត្តល្អៗ យុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត កម្មវិធីបណ្តុះបណ្តាល និងការវាស់វែងការអនុវត្ត។

គាំទ្រដោយចំណាត់ថ្នាក់ឥណទាន AAA របស់ ធនាគារអភិវឌ្ឍន៍អាស៊ី  TSCFPផ្តល់ប្រាក់កម្ចី និងការធានាដល់ធនាគារដៃគូជាង ២00 ដើម្បីគាំទ្រពាណិជ្ជកម្ម ដែលបង្កើនការនាំចូល និងការនាំ ចេញ ដើម្បីជំរុញកំណើនសេដ្ខកិច្ច។ ចាប់តាំងពីឆ្នាំ ២០០៩ មក TSCFP បានគាំទ្រជាទឹកប្រាក់ ប្រមាណ ៥៧ ពាន់លានដុល្លារ សម្រាប់ជំនួញ នៅក្នុងប្រតិបត្តិការជាង ៥៤.000 នៅក្នុងទីផ្សារ កំពុង ផុសឡើង៕ តាកែវ