ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជិះរថយន្តជាង១ម៉ោង ទៅបើកសម្ពោធរីស៊ត «ថ្ងៃបាំងឆ័ត្រ» នៅក្រុងកែប

សង្គម​និង​សេដ្ឋកិច្ច

នារសៀលថ្ងៃសុក្រ ទី​២៤ ខែមីនា ឆ្នាំ២០២៣ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បាន​អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ នៃគម្រោងឆ្នេរសមុទ្រគំរូរបស់រីស៊ត «ថ្ងៃបាងឆ័ត្រ» (Knai Bang Chatt) ដែលមានទីតាំងស្ថិតនៅក្រុងកែប ខេត្តកែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

«ថ្ងៃបាំងឆ័ត្រ» ជា​រមណីយដ្ឋាន​ដ៏​ប្រណីត​ ត្រូវ​បាន​​​​​រចនា​ប្លង់​សាងសង់​ឡើង​ដោយ​ស្ថាបត្យករ​ជនជាតិ​បារាំង Francoise Lavielle ​​ដែល​យក​លំនាំ​រំឭក​ដល់​ពេល​អតីតកាល ​នៃ​វីឡា​មួយ​កាល​ជំនាន់​អាណានិគម​​បារាំង។ ថ្ងៃបាំងឆ័ត្រ ជារមណីយដ្ឋាន ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥតខ្ចោះ ដែល​រួម​មាន​បន្ទប់​ស្នាក់នៅ អាង​ហែលទឹក ​​កន្លែង​មើល​ទេសភាព​ឃើញ​ឈូងសមុទ្រថៃ ម្ហូប​អាហារ​លំដាប់​ពិភពលោក អាហារ​ពេលល្ងាច អាហារ​ពេល​ព្រឹក​ ​​និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ទៀត រួម​ទាំង​​ការ​ញ៉ាំ​កាហ្វេ​គយគន់​ទេសភាព និង​រលក​សមុទ្រ ដើម្បី​លំហែ​អារម្មណ៍​ឱ្យ​មាន​ភាព​ស្រស់ស្រាយ និង​ធូរស្បើយ​ពី​ភាព​នឿយហត់​ពីការងារ ជាដើម។ ជាពិសេស «ថ្ងៃបាំងឆ័ត្រ» ជារីស៊ត ដែលមាន​ក្លិប​ទូកក្តោង​ដំបូង​គេ​​ទៀត​ផង។

សូម​ជម្រាប​ជូន​ថា ស្ថាបនិក និង​ជា​ CEO របស់​រីស៊ត​ «ថ្ងៃបាំងឆ័ត្រ» គឺជា​បុរស​ជនជាតិ​បែលហ្សិកឈ្មោះ Jef Moons។ លោក Jef Moons បានធ្វើដំណើរ​​​​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា ជា​លើក​ដំបូង កាល​ឆ្នាំ២០០៣ ប៉ុន្តែ​ដោយសារ​​​​លោក​ជាប់​ចិត្ត​ស្រឡាញ់​ទឹកដី​ប្រទេសកម្ពុជា ប្រពៃណីទំនៀបទម្លាប់​របស់​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឱ្យ​លោក និង​មិត្តភក្តិ​ម្នាក់​ទៀត ចូល​ហ៊ុន​គ្នា​វិនិយោគ​​លើ​គម្រោង​មួយ​ចំនួន​នៅ​ក្រុង​កែប ចាប់​តាំង​ពី​ឆ្នាំ២០០៥ មក​ទល់​បច្ចុប្បន្ន ​​រួម​ទាំង​រីស៊ត​ «ថ្ងៃបាំងឆ័ត្រ» នេះ​ផង​ដែរ៕ ​