សហគ្រាសទេសចរណ៍ធំៗរបស់ចិន ចង់វិនិយោគលើសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

សហគ្រាសទេសចរណ៍ និងវិនិយោគិនធំៗ ពីប្រទេសចិន ចាប់អារម្មណ៍វិនិយោគលើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ។ចំណាប់អារម្មណ៍នេះ បានធ្វើឡើងនៅក្នុងពិធីបើកជាផ្លូវការ «វេទិកាទេសចរណ៍ ធុរកិច្ច ឆ្នាំ២០២៦» គាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ខេត្តព្រះសីហនុ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធនាការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» កាលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ ព្រមទាំងព្រមទាំងសហគ្រាស វិនិយោគិន និងធុរជនជាតិ និងអន្តរជាតិ ជាង៣០០នាក់ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វេទិកានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖ ១. ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍រដូវកាលបៃតង និងសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងកម្ពុជា, ២. ជំរុញការតភ្ជាប់រវាងវិស័យទេសចរណ៍ និងវិនិយោគ តាមរយៈការផ្គូផ្គងធុរកិច្ច និងការជួបពិភាក្សារវាងវិនិយោគិន, និង៣. ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជា ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង។

វេទិកានេះដែរ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងបដិសណ្ឋារកិច្ច។ ទន្ទឹមនឹងនេះ វេទិកានេះក៏ជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីរួមគ្នាជំរុញកំណើនវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។

បន្ថែមពីនេះ ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏បានការរៀបចំព្រឹត្តការណ៍អមជាច្រើនដូចជាការផ្គូផ្គររវាងអ្នកលក់៣៨ក្រុមហ៊ុន និងអ្នកទិញ២៨ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ជាមួយលទ្ធផលរំពឹងទុកចុះកិច្ចព្រមព្រៀងលើសពី៥០%, ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងផលិតផល ភូមិ១ ផលិតផល១ ព្រមទាំងព្រឹត្តិការណ៍កីឡាទេសចរណ៍៖ ការប្រដាល់គុនខ្មែរ, ការប្រកួតបាល់ទះលើឆ្នេរខ្សាច់, ការប្រកួយវាយកូនឃ្លីលើតុ។ល។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការទាក់ទាញវិនិយោគពីបរទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការវិនិយោគ ជាពិសេសការលើកលែងទិដ្ឋាការជូនប្រជាជនចិនរយៈពេល ៥ខែ ក្នុងអំឡុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ឆ្នាំ២០២៦។

ក្រសួងទេសចរណ៍ មានជំនឿថា តាមរយៈវេទិកាទេសចរណ៍ធុរកិច្ច ឆ្នាំ២០២៦ នេះ នឹងសម្រេចបាននូវកិច្ចព្រមព្រៀងធុរកិច្ចជាច្រើន ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់ខេត្តព្រះសីហនុ និងកម្ពុជាទាំងមូល ទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យមានលំហូរភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀត៕ អត្ថបទ៖ហ្សាលីន