មន្រ្តីអះអាងថា កម្ពុជាបានធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្មសម្រាប់វិនិយោគិន និងធុរជនរួចមកហើយ

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០២១-២០២៧ ត្រូវបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៨ ខែឧសភាម្សិលមិញ ដើម្បីលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប បង្កើនការយល់ដឹងអំពីការប្តេជ្ញាចិត្តរួមរបស់អឺរ៉ុប និងធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធសាស្រ្តអឺរ៉ុបរួម មានវិស័យអាទិភាពចំនួន៦ ដែលគាំទ្រដោយភាគីសហភាពអឺរ៉ុប ខណៈដែលផ្នែកខ្លះផ្តោតលើការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកលតាមរយៈការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវិស័យឯកជន ការបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច និងការជំរុញផលិតកម្មប្រកបដោយចីរភាព ក៏ដូចជាការអនុវត្តការងារសមរម្យស្របតាមស្តង់ដារអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ក្នុងកិច្ចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការធ្វើកំណែទម្រង់ច្បាប់និងប្បញ្ញត្តិជាដើម។ល។

លើសពីនេះ សម្រាប់ការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងធុរជន តាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយលើកទឹកចិត្តការវិនិយោគ។

ទន្ទឹមនឹងនោះ លោកក៏បានសំណូមពរឱ្យការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមឆ្លើយតបជាក់ស្តែងជាមួយផែនការសកម្មភាព និងទស្សនវិស័យដែលកម្ពុជាបានបង្កើត និងបញ្ជ្រាបទៅក្នុងយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗដូចជា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣, យន្តការដែលដាក់ចេញក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣, និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ជាអាទិ៍៕