ទឹក​ខ្មៅ​ជ្រលក់​ដៃ និងសន្លឹកឆ្នោត ត្រូវបាន គ.ជ.ប ដឹកដល់ការិយាល័យរួចរាល់ហើយ ​ខណៈតំបន់ខ្លះប្រើឧទ្ធម្ភាកចក្រ

សង្គម​និង​សេដ្ឋកិច្ច

ទឹក​ខ្មៅ​ជ្រលក់​ដៃ​ជិត​៥ម៉ឺន​ដប និងសន្លឹកឆ្នោតជិត​១២លាន​សន្លឹក​ ​គណកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ គ.ជ.ប ​បានដឹក​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ជិត​៣ម៉ឺន​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​រួច​ជា​ស្រេច​គិតមក​ដល់​ពេល​នេះ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៥ នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្យ ទី​០៥ មិថុនា​ស្អែក​នេះ​។ សាលា​រៀន​រដ្ឋនិងទីតាំងសាធារណៈរបស់រដ្ឋ​មួយ​ចំនួន ​ត្រូវ​បាន​ប្រើ​ជាកន្លែង​សម្រាប់​ការ​បោះឆ្នោត។ ការទៅដល់នៃសន្លឹកឆ្នោតខ្លះរួមជាមួយនឹងទឹកខ្មៅជ្រលក់ដៃ ត្រូវបាន គ.ជ.ប បង្ខំចិត្តប្រើឧទ្ធម្ភាកចក្រដឹកជញ្ជូនសន្លឹកឆ្នោត ទឹកថ្នាំជ្រលក់ដៃ និងឯកសារបំរើឲ្យការបោះឆ្នោតមួយចំនួនទៅតំបន់ដាច់ស្រយ៉ានិងតំបន់ឆ្ងាយ។

បន្ទាប់ពីទឹកខ្មៅជ្រលក់ដៃជិត៥ម៉ឺនដប និងសន្លឹកឆ្នោតជិត១២លានសន្លឹកដឹកទៅដល់ការិយាល័យបោះឆ្នោតហើយនោះ ក្រុមការងារឬមន្ត្រីបំរើការបោះឆ្នោតប្រមាណជាង១៤ម៉ឺននាក់ក៏កំពុងមានវត្តមាននៅតាមទីតាំងការិយាល័យរៀងៗខ្លួន ដើម្បី​ត្រៀមចាក់សោរការិយាល័យទទួលអ្នកបោះឆ្នោតនៅថ្ងៃស្អែក។ 

សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុបជាង ៩,២លាននាក់ ហើយចំនួនអាសនៈមេឃុំ ចៅសង្កាត់នៅទូទាំងប្រទេសដែលគណបក្សទាំងអស់ត្រូវប្រជែងគ្នានោះគឺ១៦៥២ ឃុំ សង្កាត់។

ចំណែកឯការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសវិញមានចំនួន ២៣ ៦០២ការិយាល័យ។ ក្នុងចំណោមឃុំ សង្កាត់ទាំង១៦៥២ គឺមានតែគណបក្ស២ទេដែលដាក់បេក្ខភាពច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជាដាក់គ្រប់១០០% និងគណបក្សភ្លើងទៀន ដាក់បេក្ខភាពបានចំនួន ១៦២៣ឃុំ សង្កាត់៕