ព្រះមហាក្សត្រ៖ ជឿជាក់ថា ចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា-ព្រុយណេ នឹងជំរុញអភិវឌ្ឍលើវិស័យជាច្រើន

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា កម្ពុជា និងព្រុយណេ មានទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យជាច្រើនក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ដោយផ្អែកលើចំណងមិត្តភាពដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមព្រះរាជសាររបស់ ព្រះមហាក្សត្រខ្មែរ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូន ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីការបរទេស នៃប្រទេសព្រុយណេ។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្ថែមថា ៖ “ខ្ញុំមានជំនឿជាក់ រួមជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា និងការខិតខំប្រឹងប្រែងរួមគ្នានៃប្រទេសទាំងពីរ ទាំងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រុយណេ នឹងបន្តរីកចម្រើនកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីផលប្រយោជន៍ និងសុខុមាលភាព របស់ប្រទេស និងរបស់ប្រជាជនយើងទាំងពីរ”។
ព្រះរាជសារដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ “ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងព្រុយណេ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការសម្ដែងនូវព្រះទ័យរីករាយ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះអង្គ និងតាមរយៈព្រះអង្គ ទៅកាន់ប្រជារាស្រ្តព្រុយណេ”។

ដោយឡែក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ដដែលនេះ ព្រះចៅស៊ុលតង់ ក៏ឆ្លើយតបមកកាន់ព្រះករុណាព្រះមហាក្សត្រ ដើម្បីអបអរសាទរដ៏ឧត្តុង្គឧត្តមនៃខួប ៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រទាំងពីរផងដែរ។ព្រះចៅស៊ុលតង់ មានព្រះបន្ទូលថា ៖ “ព្រុយណេដារូសាឡាម និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងដ៏កក់ក្តៅ និងយូរអង្វែង ដែលខ្ញុំមានទំនុកចិត្តថា និងជឿជាក់ថានឹងបន្តពង្រីកឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ហើយខ្ញុំទន្ទឹងរង់ចាំឱកាសថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងដ៏មានតម្លៃទាំងនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនរបស់យើងទាំងពីរ៕