សម្តេចតេជោ នឹងចែកសញ្ញាបត្រជូនដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃចន្ទស្អែកនេះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ​​​​ចូល​រួម​ពិធី​បិទវគ្គ​បណ្តុះបណ្តាល ឆ្នាំ២០២០ ឆ្នាំ២០២១ និង​ពិធី​បើកវគ្គ​បណ្តុះបណ្តាល ឆ្នាំ​២០២២ ​​របស់​សាលាភូមិន្ទ​រដ្ឋបាល ​​ហើយ​ក្នុង​នោះ​ក៏​មាន​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​សិស្សមន្ត្រី​ផង​ដែរ។ កម្មវិធីនេះ ​​នឹង​ប្រព្រឹត្តទៅ​​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​០៧:០០​នាទី​ព្រឹក នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិពណ៌​អន្តរជាតិ​ជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្វពិធីនេះ ​ជា​លើក​ទី​១​ហើយ​សម្រាប់​សាលាភូមិន្ទរដ្ឋបាល បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ-១៩ នៅកម្ពុជា​បាន​ធូរ​ស្បើយ ហើយ​ការ​រស់​នៅ និង​ការ​ប្រកប​ការងារ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ​​ បាន​វិល​ត្រឡប់​មក​ប្រក្រតីភាព​ឡើង​វិញ​ស្ទើរ​តែ​ទាំង​ស្រុង។

គួរ​បញ្ជាក់​ថា ​​ចាប់​តាំងពី​ឆ្នាំ​១៩៩២ ​​រហូតមក​ទល់​បច្ចុប្បន្ន​ សាលាភូមិន្ទរដ្ឋបាល បាន​បណ្តុះបណ្តាល​មន្ត្រីរាជការ​​សរុប​ចំនួន ១៦៦០៦អង្គ/នាក់ ដែល​មាន​ទាំង​វគ្គ​បណ្តុះបណ្តាល​រយៈពេលវែង និង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី ហើយ​​សមិទ្ធផល​ទាំង​នេះ​ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ផល​វិជ្ជមាន​ និង​ដំណើរ​បន្ត​ឆ្ពោះ​ទៅ​មុខ នៃ​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការ​កសាង និង​ការ​អភិវឌ្ឍធនធានមនុស្ស​សម្រាប់​វិស័យ​សាធារណៈ និង​បញ្ជាក់ពី​ជំហរ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​សមត្ថភាព​មន្ត្រីរាជការ ក្នុង​មុខ​តំណែង​ដឹក​នាំ និង​គ្រប់គ្រង​អង្គភាព​នៅ​គ្រប់​កម្រិត៕