កម្ពុជា ចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្ត ជូនដល់សិក្ខាកាមចំនួន១២៥នាក់

សង្គម​និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្តជូនដល់សិក្ខាកាមចំនួន១២៥នាក់ ក្រោមវត្តមាន លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្តរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក៏មានការចូលរួមពីតំណាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី តំណាងមូលនិធិអភិវឌ្ឍន៍ជំនាញក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោក ហឿន សំនៀង បានលើកឡើងថា វគ្គបណ្តុះបណ្តាលបច្ចេកទេសយានយន្តនេះ គឺជាវគ្គបណ្តុះបណ្តាលជំនាញមួយក្នុងចំណោមវគ្គបណ្តុះបណ្តាលជំនាញ ចំនួន៤ផ្សេងទៀត ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី សំដៅលើកកម្ពស់ធនធានមនុស្ស ក្នុងវិស័យបច្ចេកទេសយានយន្ត ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយដល់សេដ្ឋកិច្ចប្រទេសជាតិ។ទន្ទឹមគ្នានេះ លោកក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ខិតខំសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីទទួលបានចំណេះពិត ប្រាកដមួយ ដើម្បីអនាគតរបស់ខ្លួនឯង។

ក្នុងពេលនោះដែរ លោក សាយ រតនៈ តំណាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី បានលើកឡើងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដែលជាក្រុមហ៊ុនតែមួយគត់ ទទួលបានសិទ្ធិផ្តាច់មុខលើការនាំចូលរថយន្តម៉ាក FORD ព្រមទាំងមានដៃគូអាជីវកម្មជាមួយយីហោ ល្បីៗជាច្រើននៅក្នុងសកលលោកដូចជា៖ រថយន្តម៉ាក Jaguar, Land Rover និង Range Rover គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក John Deere គ្រឿងចក្រឧស្សាហកម្មម៉ាក JCB ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះស្រាយផ្នែកវិស្វកម្ម និងក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza និងThe Coffee Club។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី មិនត្រឹមតែនាំចូលរថយន្តនោះទេ ថែមទាំងមានផ្តល់សេវាកម្មជួសជុលផងដែរ។

គួរបញ្ជាក់ដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានប្រកាសជ្រើសរើសសិក្ខាកាម ចំនួន១២៥នាក់ ដោយផ្តល់អាទិភាពដល់បេក្ខនារីចំនួន២០នាក់ ឱ្យចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេក ទេសយានយន្ត រយៈពេល៤ខែ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ជាងនេះទៀត ក្រោយបញ្ចប់ វគ្គសិក្សា និងការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះជំនាញពិតប្រាកដលើជំនាញបច្ចេក ទេសយានយន្ត រួមមានជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែ (៦០ដុល្លារ/ខែ)រយៈពេល០៤ខែ ចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ឱកាសចុះហាត់ការនៅក្រុមហ៊ុន RMA Group ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន១០០ដុល្លារ/ខែរយៈពេល ៣ខែ ហើយក្រោយពេលបញ្ចប់ការសិក្សា ហ្វឹកហាត់ និងការបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានឱកាសការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ៕