បុណ្យ​សមុទ្រ​​ឆ្នាំនេះ នឹង​ប្រារព្ធឡើងក្នុង​​ខែធ្នូ​​ នៅ​​ខេត្ត​ព្រះ​​សី​​ហ​​នុ

សង្គម​និង​សេដ្ឋកិច្ច

ប្រសិនគ្មានការប្រែប្រួលនោះទេ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងនៅ​ខេត្តព្រះ​សី​​ហនុ ចាប់ពីថ្ងៃទី៩ ដល់​​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ ពិធីបុណ្យសមុទ្រឆ្នាំនេះ ក៏ប្រារព្ធឡើង​ស្របជាមួយ​​នឹ​ង​មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុត​​លើពិភព​លោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០​​២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះនៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២​ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ និងជាប្រធាន​​គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ​​បុណ្យសមុទ្រ បានអំពាវនាវដល់ផ្នែកឯកជន​ទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ច​ឱ្យបានសមរម្យ និងសមស្រប​សម្រាប់ភ្ញៀវទេសចរ​អាចទទួលយកបាន ដើម្បី​ជាការប្រកួតប្រជែង​សម្រាប់​តម្លៃ​ទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើ​ដំណើរកម្សាន្តរបស់​ភ្ញៀវ​ទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំង​ភ្ញៀវក្នុង​​ស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយ​​នឹងការកែប្រែលើកកម្ពស់គុណភាពសេវា​របស់​ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ច​របស់​ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃ​ឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួត​ប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំ​ តម្លៃទស្សន​កិច្ចបានថោកសមរម្យ ព្រម​​ជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមក​​ក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យ​ទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបាន​ភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា​ ពិធីបុណ្យសមុទ្រ ត្រូវបានរាជរដ្ឋាភិបាល​​ផ្អាក​ប្រារព្ធ​​ចំនួន​២ឆ្នាំជាប់គ្នា​ គឺនៅឆ្នាំ២០២០ និង២០២១ ដើម្បីបង្ការ​ការរាត​ត្បាតជំងឺកូវីដ-១៩ និងធានាដល់សុវត្ថិភាពពលរដ្ឋ។ ដោយឡែក ពិធីបុណ្យសមុទ្រឆ្នាំ២០១៩ នៅខេត្តកំពតទទួល​បាន​ភ្ញៀវទេសចរសរុបប្រមាណ៩០ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ពាន់នាក់៕