ម៉ុងហ្គោលី គាំទ្រកម្ពុជាឱ្យរៀបចំចុះ MOU លើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងម៉ុងហ្គោលី គ្រោងនឹងពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមជំនួបពិភាក្សាការងាររវាងមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម។

បន្ថែមលើនោះ លោករដ្ឋលេខាធិការ បានសង្កត់ធ្ងនលើតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមចំណែកក្នុងការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។ ក្នុងន័យនេះ លោក រាជ រ៉ា បានកត់សម្គាល់នូវឱកាសនិងសក្តានុពលក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាងនេះ តាមរយៈការពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្ម ជាដើម ។

លោក H.E. Mr. JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំកម្ពុជា បានឯកភាពនិងបង្ហាញការគាំទ្រចំពោះសំណើក្នុងការរៀបចំ នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីមានលទ្ធភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ផងដែរ អំពីសក្តានុពលលើវស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗដទៃទៀតដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។

បន្ថែមពីនេះទៀត លោកឯកអគ្គរាជទូតបានបង្ហាញពីគោលបំណងឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ឬជំនួបរវាងថ្នាក់ដឹកនាំរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសម៉ុងហ្គោលី ដើម្បីបន្តពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យបានកាន់តែស៊ីជម្រៅ។

លើសពីនេះ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៕