WHO លើកបង្ហាញគុណសម្បត្តិធំៗ៣ចំនុច លើការទប់ស្កាត់ជំងឺកូវីដ១៩ របស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) កោតសរសើរកម្ពុជា ហើយក៏បានលើកឡើងនូវគុណសម្បត្តិចំនួន៣ចំនុចធំៗ លើការទប់ស្កាត់ជំងឺកូវីដ-១៩ របស់កម្ពុជានាពេលកន្លងមកផងដែរ។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបរវាង សម្ដេច ហ៊ុន សែន និងឯឧត្តម Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ ឯកឧត្តម បណ្ឌិត Takeshi kasai បានទទួលស្គាល់ចំពោះវីរភាពដឹកនាំរបស់សម្ដេច ក្នុងការដឹកនាំ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងកិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល មន្ទីរសុខាភិបាល យុវជនស្ម័គ្រចិត្ត និងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានធ្វើការកត់សម្គាល់នៅចំនុចធំៗចំនួន ៣ រួមមាន៖ ទី១.កម្ពុជាដើរជាគំរូនៅក្នុងក្របខ័ណ្ឌតំបន់និងពិភពលោកក្នុងការចាក់វ៉ាក់សាំងជូនប្រជាជន។ ទី២.កម្ពុជាជាប្រទេសគំរូក្នុងការតាមដានវិភាគនិងឆ្លើយតបទាន់ពេលវេលាទៅនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះបានចែករំលែកបទពិសោធន៍ដល់ប្រទេសដទៃផងដែរ។ ទី៣. ឯកឧត្តមមានសេចក្ដីរីករាយ និងថ្លែងអំណរគុណជាទីបំផុត ចំពោះសម្តេចតេជោ ដែលបានអនុញ្ញាត្តអោយទទួលកប៉ាល់ westerdam ចូលចតនៅកម្ពុជា ។

មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នឹងជំងឺដទៃទៀតដូចជា ជំងឺគ្រុនចាញ់ ជំងឺថ្លើម ជំងឺលើសឈាម និងជំងឺដទៃទៀត រួមទាំងការទប់ទល់ការប្រើប្រាស់ថ្នាំជក់ផងដែរ។

ជាការឆ្លើយតប សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើយនៅពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់ត្រឹមតែដូសមូលដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

គួរបញ្ជាក់ដែរថា ក្រៅពីលើកឡើងនូវគុណសម្បត្តិទាំង៣ចំនុចខាងលើហើយនោះ នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO)រូបនេះ ក៏បានបញ្ជាក់ដែរថា កម្ពុជា ជាប្រទេសដែលបានជួយជីវិតរបស់ប្រជាជនដែលជាប់នៅលើកប៉ាល់ westerdamនាពេលនោះថែមទៀត៕