អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា១លានដុល្លារ ​ជូន​រាជ​រដ្ឋា​ភិ​បា​​ល ដើម្បីដោះស្រាយ​បញ្ហាគ្រាប់​មីននៅទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP បានប្រកាសបរិច្ចាគថវិកា ចំនួន១លាន ដុល្លារ ជូនដល់​រាជ​រដ្ឋា​ភិ​​បាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានា ដែលមាន​បំណង​ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសំអាតមីននៅកម្ពុជា។

សូមជម្រាបថា ពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងខេត្ត​​ប​​ន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យ​រដ្ឋបា​​ល​​ខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមីន បញ្ចប់ឲ្យអស់នៅបញ្ហាគ្រាប់មីន នៅឃុំប៉ោយចារ និងតំបន់អាង​ត្រពាំង​​ថ្ម ស្រុកភ្នំស្រុក ទោះត្រូវចំណាយក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា តំបន់នេះជាតំបន់សុវត្ថិភាព គ្មានមីន។

ការដាក់បញ្ជារបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីទទួលបានរបាការណ៍ពីស្ថានភាព នៃការគំរាមកំហែងយ៉ាងខ្លាំង ដោយ​គ្រាប់មីន ចំពោះប្រជាពលរដ្ឋ នៅក្នុងឃុំប៉ោយចារ ក៏ដូចជាតំបន់អាងត្រពាំងថ្ម ទីដែលសម្តេចអញ្ជើញលែងកូនត្រី នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ ដាក់ថវិកាសម្រាប់ដោះមីន ក្នុងកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយត្រូវប្រកាសជាបណ្តើរៗ​នូវតំបន់គ្មានមីន។

សម្តេចតេជោ នាយកដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់វិស័យឯកជន ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបោសសំអាតមីន សម្តេចសូមអរគុណទុកជាមុន។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០២២ ការបោស​សម្អាត​មីន នៅទូទាំងប្រទេស សម្រេចបានផ្ទៃដីចំនួន ២ ៤១០ ២៤៦ ៥៦២ ម៉ែត្រក្រឡា និងកំទេច​ចោលមីនប្រឆាំង​មនុស្ស​ចំនួន ១ ១៤០ ៧៩៤គ្រាប់ មីនតោនចំនួន ២៦ ០៤៣គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣ ០០៣ ៨៣៥គ្រាប់។ ដោយ​ឡែកផ្ទៃដីដែលនៅសល់ ចំនួន ១ ៩៩០ គីឡូម៉ែត្រក្រឡា (ស្មើនឹងចម្ការមីន/គ្រាប់ចំនួន ១៤ ១២១ចម្ការ)៕