សម្តេច ហ៊ុន សែន៖ មកដល់ពេលនេះ កម្ពុជាទទួលបានថវិកាជិត១៥លានដុល្លារពីសប្បុរសជនលើជំនួយដោះមីន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះ កម្ពុជាទទួលបានថវិកាជិត ១៥ លានដុល្លារ សម្រាប់ជំនួយដោះមីនដែលទទួលបានពីសប្បុរសជន ពេលនេះកម្ពុជាកំពុងបន្តទទួលតាមជំនួយពីអ្នកចង់ចូលរួមតាមបណ្តាញសង្គមហ្វេសបុក ទៅតាមសមត្ថភាព ចាប់ពី ២ម៉ឺនរៀល ឡើងទៅជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការលើឡើងរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បន្ថែមដូច្នេះថា «ខ្ញុំទទួលស្គាល់ថានេះជាការធ្វេស ប្រហែសមួយរបស់ខ្ញុំទាក់ទងនឹងការដោះមីន ដោយសារខ្ញុំពឹងផ្អែកជ្រុលហួសទៅដៃគូសហការ មានដូចជា ជប៉ុន ចិន អូស្រ្តាលី និងអាមេរិក បានជួយច្រើនណាស់ តែសល់តិចតួចដែលខ្ញុំសម្រេចរុញវាឱ្យទៅមុខ បានជិត១៥លានដុល្លារទៅហើយ ដែលយើងទទួលបាន តែមានចំនួនមួយខ្ញុំគិតថា ពេលនេះទាល់តែហ៊ុន សែន និយាយបានដឹងបានធ្វើ ជាពិសេសសេងទៀង តែម្តងមិនព្រមធ្វើ ដែលជាអ្នកកាន់លុយ គេស្នើសុំតាមហ្វេសបុក ដែលគេជួយតាមសម្ថភាព គេមិនព្រមធ្វើចឹងខ្ញុំធ្វើទៅ ធ្វើទៅព្រោះពលរដ្ឋខ្លះគាត់មិនដឹងថាចង់ចូលរួមតាមណា»។

ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងដែរថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានក្លាយទៅជាឧបសគ្គក្នុងការសម្រេចនយោបាយប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍។ហេតុនេះ សម្តេចក៏បាន ប្រកាសឱ្យបង្ហាញលេខគណនីមូលនិធិបោសសំអាតមីន ជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួម។

សម្តេច ក៏អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបោសសំអាតមីន ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋ លុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋចំពោះគ្រាប់មីន ខណៈសម្តេចចង់បញ្ចប់បញ្ហាមីននៅកម្ពុជា ត្រឹមឆ្នាំ២០២៥ ដោយប្រើចលនាជាតិផ្ទាល់ផងដែរ។
គួរបញ្ជាក់ដែរថា ក្រោយ​ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​កៀរ​គរជំនួយ​ថវិកាពី​សប្បុរស​ជន​ក្នុង​ការ​សម្អាត​មីន គេសង្កេតឃើញមានបណ្តាអ្នកជំនួញ​ធំៗ​ចូលរួម​ថវិកា​ជួយ​ដោះ​មីន​នៅ​កម្ពុជា តាម​ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្រ្តី។

កម្ពុជា​បាន​ដាក់​ផែនការ​សម្អាត​មីន​ឱ្យ​អស់ ឬ​ហៅថា ​កម្ពុជា​គ្មាន​មីន នៅ​ឆ្នាំ​២០​២៥ ដែល​នឹង​ត្រូវ​បោសសម្អាត លើ​ផ្ទៃ​ដីមាន​មីនប្រមាណ​ជាង​៧០០​គីឡូ​ម៉ែត្រ​ក្រឡា​ទៀត។ ​ការ​ចំណាយ​ថវិកា​មាន​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ទៀត​សម្រាប់រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​មីន៕