ខណ្ឌកំបូល នឹងមានរោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាត ​​ដែល​អាច​​ផលិតទឹកបាន​ ៥ពាន់​​ម៉ែត្រ​គីប​​ក្នុងមួយថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

គម្រោង​សាងសង់រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាតក្នុងខណ្ឌកំបូល ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ នេះ​មាន​ឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើ​ផ្ទៃដី៣០ហិចតា ។ ដើម្បី​អោយ​ដំណើរការនៃគម្រោងសាងសង់ដំណើរការទៅដោយរលូន នៅព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​គម្រោង​ទីតាំង​ផ្ទាល់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានអោយដឹងថា រោងចក្រ​ប្រព្រឹត្តិ​កម្មទឹកស្អាតក្នុង​ខណ្ឌ​កំបូល  ដែលគ្រោង​សាង​សង់នេះ មានសមត្ថភាព​ផលិត​ទឹកស្អាត​បាន​៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់ទឹកស្អាតបាននៅភាគខាង​លិច​ឆៀង​ខាង​ត្បូងរាជធានីភ្នំពេញ នៅស្រុក​កណ្ដាល​ស្ទឹង​ខេត្តកណ្តាល និង​មួយ​ផ្នែក​ទៀត នៅអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានអោយដឹងទៀតថា រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣ នឹងអាច​ផលិតទឹកអោយប្រជាពលរដ្ឋប្រើប្រាស់បាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពអោយកាន់តែ​ធំ​បន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោល​នយោ​បាយ​របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ មានសមត្ថភាពផលិតទឹកមានប្រមាណ៦សែន​ម៉ែត្រគីប​ក្នុង១ថ្ងៃ ខណៈ​តម្រូវការទឹកមានប្រមាណ​៨សែន​ម៉ែត្រគីប។ តម្រូវការទឹកមានការកើនឡើង បន្ទាប់ពី​ការពង្រីកទីក្រុង ដោយឃុំមួយ​ចំនួន​ត្រូវ​បាន​កាត់ចូល​ក្រុងភ្នំពេញ ។

ក្នុងឆ្នាំ២០២២នេះដល់ឆ្នាំ២០២៥ រដ្ឋាករទឹកស្វ័យតភ្នំពេញ នឹងសម្រុកតភ្ជាប់ទុយោទឹក ឲ្យបាន​២០០​ទៅ៣០០គីឡូម៉ែត្រ​ក្នុង​ឆ្នាំនីមួយៗ។ នៅឆ្នាំ២០២៥ រដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ រំពឹងថានឹង​អាចផ្ដល់​សេវា៩៥ភាគរយដល់១០០ភាគរយ ខណៈ​បច្ចុប្បន្ន រដ្ឋាករទឹកអាចផ្គត់ផ្គត់ទឹកបាន ៨៣ភាគរយ ដល់ ៨៥ភាគរយក្នុងទីក្រុងភ្នំពេញ៕