បណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសអបអរសាទរកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

សង្គម​និង​សេដ្ឋកិច្ច

អង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានប្រកាសសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជាជាប់ក្នុងបញ្ជីមួយនេះ តាំងពីឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយនឹងសហគ្រិនវ័យក្មេងប្រមាណ ៧០០នាក់ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ កូន​ប្រុស​ច្បង​របស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសអបអរសាទរដែលអង្គការឃ្លាំមើលការលាងសម្អាតប្រាក់ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមសម្តែងនូវការគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រទ្បាហោម ឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមការងារចំពោះកិច្ច ព្រមទាំងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំបំពេញការងារនេះដោយពុំគិតពីការនឿយហត់ រហូតសម្រេចបាននូវការនាំមកនូវភាពស្អាតស្អំរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការណ៍នេះ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា ពិតជានឹងចូលរួមចំណែកក្នុងការផ្តល់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់កម្ពុជា ជាពិសេសសម្រាប់វិស័យឯកជនផ្ទាល់ក្នុងការរក្សាលំនឹងនៃរំហូរហិរញ្ញវត្ថុ និងការដោះដូរពាណិជ្ជកម្មនានាទៅកាន់ទូទាំងសាកលលោក។ 

បើយោងតាមការចុះផ្សាយពីគេហទំព័រផ្លូវការរបស់អង្គការ FATF បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការសកលផ្នែកលាងលុយកខ្វក់ បានកត់សម្គាល់ថា កម្ពុជាបានបង្កើនការវិវឌ្ឍន៍ជាច្រើនជុំវិញបញ្ហាប្រឆាំងនឹងការលាងលុយ ក៏ដូចជាប្រយុទ្ធប្រឆាំងដល់ការផ្ដល់ហិរញ្ញប្បទាននៃក្រុមភារវកម្មជាដើម (AML/CFT)។

FATF បាននិយាយថា ប្រទេសកម្ពុជាបានដោះស្រាយភាពខ្វះខាតបច្ចេកទេសរបស់ខ្លួន ដើម្បីបំពេញតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពស្តីពីភាពខ្វះខាតជាយុទ្ធសាស្រ្ត ដែល FATF កំណត់ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយប្រទេសកម្ពុជាលែងជាកម្មវត្ថុនៃដំណើរការត្រួតពិនិត្យរបស់ FATF ទៀតហើយ”។

គួររំលឹកដែរថា ប្រទេសដែលត្រូវបានដាក់ក្នុង “បញ្ជីប្រផេះ” ដោយ FATF គឺជាការព្រមានលើផ្នែកហិរញ្ញវត្ថុនៃប្រទេសនោះ ដោយសារពួកគេមិនបានខិតខំលើការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ។ គោលដៅចំបងរបស់ FATF គឺប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងអស់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើពុករលួយ និងអំពើភារវកម្ម៕