ចំណូលពន្ធកម្ពុជា បានហក់ឡើងដល់ជិត២ពាន់លានដុល្លារ ត្រឹមឆមាសទី១ ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ-អាករ បានចំនួន ៧ ៩៨០.៥៧ ប៊ីលានរៀល (ប្រមាណជា ១ ៩៧០.៥១ លានដុល្លារ) ស្មើនឹង ៦៩.៨៩% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២២ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម គង់ វិបុល បានឱ្យដឹងក្នុងសេចក្តីប្រកាសនោះថា ទិន្នន័យនេះ បើធៀបទៅនឹងចំណូល-ពន្ធអាកររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានការកើនឡើងចំនួន ១៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ដែលស្មើ នឹង ២៩,៨៧%។

ឯកឧត្តមបន្តថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករ បានចំនួន ៧៩៨០,៥៧ប៊ីលានរៀល  (ប្រមាណជា ១៩៧០,៥១ លានដុល្លារ) ដែលស្មើនឹង ៦៩,៨៩% នៃច្បាប់ផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ។

អគ្គនាយកដ្ឋានពន្ធដាររូបនេះ បានបញ្ជាក់បន្ថែមថា ទិន្នន័យនេះ បើធៀបទៅនឹងចំណូល-ពន្ធអាកររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ មានការកើនឡើងចំនួន ១៨៣៣,៥៩ ប៊ីលានរៀល (ប្រមាណជា ៤៥២,៧៤ លានដុល្លារ) ដែលស្មើ នឹង ២៩,៨៧%។

ក្នុងនោះ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយក្នុងនោះ ពន្ធលើប្រាក់ចំណូល២៧,១៩% អាករលើតម្លៃបន្ថែម ៣៣,៣៧% ពន្ធលើប្រាក់បៀវត្ស ២៥,១៦% អាករពិសេស ៣៤,០១% ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ៤៤,៣៨% និងពន្ធលើឈ្នួលផ្ទះ និងដី ១០,១២%។

គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបាន ៦១៣៩,៤១ប៊ីលានរៀល (ប្រមាណជា ១៥១៥,៩០ លានដុល្លារ) ដែលស្មើនឹង ៦៧,៥៨% នៃផែនការ ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១។

យ៉ាងណា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រង ប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ទោះបីជាស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ ដែលលទ្ធផលទាំងនេះ គឺជាផ្លែផ្កានៃកំណែទម្រង់ ទំនើបកម្មរដ្ឋបាលសារពើពន្ធ និងការយកចិត្តទុកដាក់ក្នុងការកសាង និងពង្រឹងសមត្ថភាពមន្ត្រី៕

អត្ថបទ៖រង្សី