លោក ចម ប្រសិទ្ធ៖ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ពួកគេត្រូវការការគាំទ្រដើម្បីបន្តនិរន្តភាពប្រតិបត្តិការអាជីវកម្ម

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានឲ្យដឹងថា សហគ្រាសខ្នាត មីក្រូ តូច និង មធ្យម បានផ្តល់ការងារមួយភាគធំ នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ពួកគេភាគច្រើនបានចូលរួមនៅក្នុងសកម្មភាពឧស្សាហកម្ម ហើយចំនួនដ៏ច្រើនសន្ធឹកសន្ធាប់កំពុងតែតស៊ូដើម្បីបន្តអាជីវកម្មរបស់គេ។ ប្រាកដណាស់ ពួកគេត្រូវការការគាំទ្រជាបន្តបន្ទាប់ពីភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងផលិតភាពរបស់ខ្លួន និងដើម្បីអភិវឌ្ឍភាពធន់របស់ខ្លួនដើម្បីបន្តនិរន្តភាពប្រតិបត្តិការអាជីវកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកឡើងយ៉ាងដូច្នេះក្នុងពិធីបញ្ចប់គម្រោងការស្ដារសហគ្រាស ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ (អាហ្វធើ) នៅសណ្ឋាគាររ៉ាហ្វិលឡឺរូយ៉ាល់ នាថ្ងៃទី២១ ខែកក្កដានេះ។

លោក ចម ប្រសិទ្ធ គូសបញ្ជាក់ថា ការគាំទ្រដល់សហគ្រាសមីក្រូ តូច និង មធ្យម និងសហគមន៍ ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងទម្រង់ជាជំនួយបច្ចេកទេស ទាំងផ្នែកផលិតភាព គុណភាព និងស្ដង់ដា ការគាំទ្រដល់ការពង្រឹងនូវវិធានសុវត្ថិភាព អនាម័យ និងនីតិវធីប្រណិបត្តិអប្បបរមា សម្ភារៈបរិក្ខារ និងជំនួយជាថវិកា ដែលកម្មវិធី អាហ្វធី ផ្តល់ឲ្យ អាចដោះស្រាយបញ្ហាដែលសហគ្រាស និងសហគមន៍បាន និងកំពុងប្រឈម។

ទេសរដ្ឋមន្ដ្រីលើកឡើងទៀតថា ក្នុងក្របខណ្ឌកម្មវិធីដើម្បីភាពជាដៃគូប្រទេស ដែលជាកម្មវិធីរួមគ្នារវាងរដ្ឋាភិបាល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីគាំទ្រដល់ការ អនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ហើយលោកបន្តគាំទ្រកិច្ចសហការជាបន្តបន្ទាប់ ជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនផលិតភាព និងការ ប្រកួតប្រជែង របស់សហគ្រាសខ្នាត មីក្រូ តូច និងមធ្យម។

គូសបញ្ជាក់ផងដែរថា កម្មវិធីការស្ដារឡើងវិញ ក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ហៅកាត់ថា- អាហ្វធើ ជាគំនិតផ្ដួចផ្ដើមរបស់អង្គការយូនីដូកម្ពុជា។ កម្មវិធីអាហ្វធើ មានគោលបំណងបង្កើនភាពធន់ និងការស្តារឲ្យប្រសើរឡើងនូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩។ កម្មវិធីនេះ មានធាតុចេញសំខាន់ៗចំនួន៣៖

ទី១៖ គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ដើម្បីបង្កើនគុណភាពផលិតផល និងសេវាកម្មរបស់ពួកគាត់។
ទី២៖ គាំទ្រសហគ្រាសក្នុងវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងការអនុវត្តវិធានការសុវត្ថិភាព និងអនាម័យ ក្នុងផលិតកម្ម និងសេវាកម្មទេសចរណ៍។
ទី៣៖ គាំទ្រដល់ការអភិវឌ្ឍគោលនយោបាយជាតិ ដើម្បីជំរុញការស្តារឡើងវិញ នូវសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិ-អាហារ និងទេសចរណ៍៕