រដ្ឋមន្ត្រីយុត្តិធម៌ ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធសហការគ្នាប្រឆាំងការសម្អាតប្រាក់ ដើម្បីអាចដកកម្ពុជាចេញពីបញ្ជីប្រផេះ

សង្គម​និង​សេដ្ឋកិច្ច

នៅចំពោះមុខ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.អ.ផ. ស្នើឱ្យក្រុមការងារនីមួយៗ ក៏ដូចជា ក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធត្រូវបន្តចូលរួមសហការ និងខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព និងនិរន្តភាព ដើម្បីកម្ពុជាអាចត្រូវបានដកចេញពីបញ្ជីប្រផេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំលើកទី៥ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) កាលពីថ្ងៃទី២៣ កក្កដា លោក កើត រិទ្ធ ក៏បានស្នើឱ្យក្រសួង-ស្ថាប័ន ដែលធ្វើការងារលើវិស័យពាក់ព័ន្ធនឹងបទល្មើសដែលមានហានិភ័យក្នុងការសម្អាតប្រាក់ ត្រូវបង្កើនសកម្មភាពរបស់ខ្លួន និងផ្តល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ព្រមទាំងបន្តបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដោយផ្តោតជាសំខាន់លើបច្ចេកទេសស៊ើបអង្កេតពាក់ព័ន្ធនឹងការសម្អាតប្រាក់។

គួរជម្រាបថា បើទោះបីជាកម្ពុជាបានខិត​ខំប្រឹង​ប្រែង ធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឬការលាងលុយកខ្វក់ តាំងពីឆ្នាំពី២០២០ក៏ដោយ កម្ពុជានៅតែបន្តស្ថិតក្នុងបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំនេះ។ នេះបើតាមក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី៤ ខែមីនា២០២២។

ជាមួយគ្នានេះ កម្ពុជាត្រូវបានអង្គការនេះ ដាក់​ក្នុង«​បញ្ជីប្រផេះ»អស់រយៈពេល​ជាង៣ឆ្នាំជាប់ៗគ្នាតាំងពីឆ្នាំ២០១៩មក ហើយវិស័យ​ដែល​រងហានិភ័យ​ខ្ពស់​ខាង​អំពើលាងលុយ​កខ្វក់​នៅ​កម្ពុជា រួមមាន វិស័យ​ធនាគារ ហិរញ្ញវត្ថុ វិស័យសំណង់ អចលនទ្រព្យ និង​វិស័យ​កាស៊ីណូ៕