ណែនាំឱ្យស្គាល់អ្នកថតរូបម្នាក់ ធ្លាប់ឈ្នះពានពីប្រទេសអង់គ្លេស ហើយថតឱ្យ Page សម្តេចតេជោ

សង្គម​និង​សេដ្ឋកិច្ច

លោក លី មិន ឬហៅក្រៅថា “ឡាម៉ូ” កើតនៅឆ្នាំ១៩៧៧ ខេត្តសៀមរាប គឺជាសិល្បករ និង​អ្នក​ថតរូប​ម្នាក់​ដែល​មាន​ការ​អនុវត្តន៍​ស្នាដៃ​​របស់​លោក​​មាន​ដូចជា​ រូបថត វិចិត្រសិល្បៈ ឯកសារ ទេសចរណ៍ ទេសភាព សត្វព្រៃ និងរូបថតលម្អិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“Unseen Cambodia” គឺជាគម្រោងចុងក្រោយ​របស់​ឡាម៉ូ ដែល​ក្នុង​នោះ​មាន​ការ​បង្កើត​ជា វេទិការ​បណ្តាញ​សង្គម។ គម្រោង​នេះ អនុញ្ញាត​ឱ្យ​ឡាម៉ូ ធ្វើ​ដំណើរ​ទៅ​គ្រប់​ទិសទី ក្នុង​ប្រទេស​កម្ពុជា​​រួម​ទាំង​តំបន់​ដាច់​ស្រយាល​ តាម​រយៈ​ការ​ដើរ​ភ្នំ​និង​ជិះ​ម៉ូតូ ដើម្បី​រក​ចង​ក្រង​ឯកសារ និង​ផ្តិត​យក​ទិដ្ឋភាព​ផ្សេងៗ​ដូចជា ប្រជាជន សាសនា ប្រពៃណី ទំនៀមទម្លាប់ បូជនីយដ្ឋាន រុក្ខជាតិកម្រ សិល្បៈទស្សនីយភាព វប្បធម៌សូនរូប តំបន់ទំនាប តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ។ ទាំងអស់នេះ គឺជាការប៉ុនប៉ង ដើម្បីបង្ហាញប្រទេសកម្ពុជា ដែល​មិន​ធ្លាប់​បាន​គេ​មើល​ឃើញ។

ក្នុងដំណើរបេសកកម្ម​ជាង​ ១០ឆ្នាំ​ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅតាមតំបន់​ជាច្រើន​ក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់សិល្បករ និងជាអ្នកថតរូបម្នាក់គឺលោក ឡាម៉ូ បាន​​ដាក់​តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលកំពុង​តែ​ដាក់តាំងពិពរណ៍នេះ គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។

ក្រៅតែពីតាំងពិពរណ៍នេះ លោកឡាម៉ូ កំពុងតែចងក្រងសៀវភៅមួយមានចំណងជើងថា Unseen Cambodia ដើម្បីធ្វើការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ និងសម្រាប់​ទុកជាឯកសារសម្រាប់តម្រូវការនាពេលអនាគត។

ថ្លែងប្រាប់​ឧកញ៉ាញូស៍ ​​លោក​ឡាម៉ូ ​​បាន​ឱ្យ​ដឹង​ថា​ រូប​​របស់​លោក​ចំនួន​​មួយ​​គឺ​បាន​ឈ្នះ​ពាន​ក្នុង​​ការ​ប្រកួត​ប្រជែង​រូប​ថត​​នៅ​ប្រទេស​អង់គ្លេស នៅ​ឆ្នាំ​២០១៨​ ដែល​​គេ​ទទួល​ស្គាល់​ថា​ជា​រូប​តំណាង​ឱ្យ​កម្ពុជា និង​ជា​រូប​ថត​ជាប់​លេខ​១ ប្រចាំ​ប្រទេស​កម្ពុជា។ រូបភាព​នេះ​ជា​ប្រភេទ Abstract ​​​​ដូចជា​សត្វស្លាប​មួយ​កំពុង​ហើរ ហើយ​រូបនេះ​មាន​ចំណង​ជើង​ថា “Freedom” ដែល​មាន​ន័យ​ថា “សេរីភាព” និង​ចង់​ប្រៀប​ធៀប​ទៅ​នឹង​សេរីភាព​​ប្រកប​មុខរបរ​របស់​ប្រជាជន​សាមញ្ញ ប៉ុន្តែ​ផលិត​ឡើង​ជា​លក្ខណៈ​សិល្បៈ​មួយ។ រូប​ព្រលិត​នេះ ថត​នៅ​តំបន់​កំពង់ត្រាច នៃ​ខេត្ត​កំពត។

រូបភាពដែលឈ្នះពានពីប្រទេសអង់គ្លេស

ទាក់ទង​នឹង​គម្រោង​របស់​ស្ថាប័ន​រដ្ឋ ភាគ​ច្រើន​​លោក​ឡាម៉ូ​ បាន​ធ្វើ​ការ​ឱ្យ​សាលារាជធានីភ្នំពេញ ​​ហើយ​សាលា​រាជធានីភ្នំពេញ ​​បន្ត​សិទ្ធិ​ឱ្យ​ទៅ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​បង្ហោះ​រូបភាព​ដ៏​អស្ចារ្យ​នៃ​ទិដ្ឋភាព​រាជធានីភ្នំពេញ។ រូបភាព​ជិះ​យន្ត​ហោះ​​ថត​ពី​លើ​អាកាស​នៃ​រាជធានីភ្នំពេញ​របស់​លោក​ ​​ក៏​មាន​ការ​តាំង​បង្ហាញ​នៅ​តាម​ស្តុប​មួយ​ចំនួន​ផង​ដែរ ដូច​ជា​នៅ​ស្តុប​សន្ធរមុក​ជា​ដើម។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​ឡាម៉ូ ​គឺជា​អ្នក​ថត​រូប​ឯករាជ្យ ដែល​មិន​ស្ថិត​នៅ​ក្រោម​ស្ថាប័ន​ណា​​នោះ​ទេ និង​ជា​សិល្បករ​ម្នាក់ ដែល​តែង​តាំង​​ពិព័រណ៍​​ ដើម្បី​លក់​បាន​កម្រៃ​ទប់ទល់​នឹង​​ការ​ចំណាយ​ផ្សេងៗ​ដូចជា​ការ​ធ្វើ​ដំណើរ ទៅ​ថត​ទិដ្ឋភាព​ផ្សេងៗទាំង​នៅ​រាជធានី និង​បណ្តា​ខេត្ត​នានា។ ចំពោះរូបភាពដែលលោក​ឡាម៉ូ លក់​គឺ​មាន​ខ្នាត​ផ្សេងៗ​គ្នា​ និង​មាន​ Limited Edition ខុស​គ្នា ហើយ​​១​ផ្ទាំង​ មាន​តម្លៃ​​ចាប់​ពី​ ២០០ដុល្លារ រហូត​ដល់​ ៣,៦០០ដុល្លារ ៕