អាជ្ញាធរមីន ប្រើថវិកាជិត៤លានដុល្លារ ដើម្បី​បោស​សម្អាត​មីនឲ្យអស់ពីក្នុងខេត្តចំនួន៥

សង្គម​និង​សេដ្ឋកិច្ច

ថវិកាសរុបចំនួន៣លាន៨សែនដុល្លារអាមេរិក នឹងចំណាយប្រើ​លើការងារបោសសម្អាតគ្រាប់មីន​ឲ្យអស់នៅក្នុង​ខេត្ត​ចំនួន​៥  រួមមានខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពត ខេត្តកំពង់ឆ្នាំង និង​ខេត្តស្វាយរៀង ។ ពិធីចុះកិច្ចសន្យាលើការងារ​បោស​សម្អាត​​មីនក្នុងខេត្តទាំង៥ រវាងអាជ្ញាធរមីន និង និង​មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីន​កម្ពុជា​ (ស៊ីម៉ាក់) បានធ្វើឡើងនៅ​ទីស្នាក់ការអាជ្ញាធរមីន នៅពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១អាជ្ញាធរមីន បានបញ្ជាក់ថា នៅក្នុងខេត្ត​ចំនួន​​៥នេះ មានផ្ទៃដី​​ដែល​មានមីនសរុបចំនួន៣០៩១ហិកតា ហើយក្រុមការងារមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីន​កម្ពុជា​ (ស៊ីម៉ាក់) បានចុះពិនិត្យ និង​វាយតម្លៃស្ថានភាពចម្ការមីនរួចរាល់ហើយនឹងចាប់ផ្តើម​ប្រតិបត្តិកា​រ​ពីថ្ងៃចុះកិច្ចសន្យានេះតទៅ។

លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា សម្រាប់ខេត្តតាកែវ កំពង់ចាម និងកំពង់ឆ្នាំង នឹងបញ្ចប់ប្រតិបត្តិការ​ដោយបោស​​សម្អាត​​មីនអស់ នៅត្រឹមខែធ្នូ ឆ្នាំ២០២២​ ខាងមុខ។ ដោយឡែក ខេត្តកំពត និងស្វាយរៀង នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ ដោយ​ចំការ​​មីនមានទំហំធំ។

គួរបញ្ជាក់ថា​ ក្រោម​គម្រោង​សម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” អាជ្ញាធរមីន កាល​​ពីខែកក្កដា កន្លងទៅបានចុះកិច្ចសន្យាជាមួយ មជ្ឈមណ្ឌលជាតិ​គ្រប់គ្រងកង​កម្លាំង​រក្សា​​សន្តិភាព បោស​សម្អាត​មីន និងកាកសំណល់សង្រ្គាម (NPMEC)ដើម្បី បោសសម្អាតមីន ឲ្យអស់​ក្នុងខេត្តត្បូងឃ្មុំ ដោយប្រើរយៈពេល៦ខែ។ ថវិកា​ដែល​​​ប្រើប្រាស់បោស​សម្អាតមីនក្នុងខេត្ត​ត្បូង​ឃ្មុំ ចំនួន​ជាង៧៦ម៉ឺនដុល្លារអាមេរិក ។

កម្ពុជាត្រូវការថវិកាប្រមាណ ៩០លានដុល្លារ ដើម្បីបោសសម្អាតមីនដែល​នៅសេសសល់​លើផ្ទៃដី​ប្រមាណជិត២ពាន់​​គីឡូ​ម៉ែត្រ​​ក្រឡា ដោយតាមការប៉ាន់ប្រមាណសម្រាប់ការងារបោស​សម្អាតមីន​ក្នុងមួយម៉ែត្រក្រឡា ត្រូវប្រើថវិកា​​ចន្លោះ​ពី៩០០​រៀលទៅ១ពាន់រៀល ៕