ក្រសួង គ្រោងសម្រួលឱ្យអ្នកបើកបរយានយន្ត អាចយកត្រឹមឯកសារថតចម្លង តាមខ្លួនបាន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារអន្តរក្រសួង គ្រោង​នឹង​​ដាក់​ស្នើសុំ​គោលការណ៍​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​​ដើម្បី​​​ជួយ​សម្រួល​ឱ្យ​អ្នក​បើកបរយានយន្ត​តាមដងផ្លូវ ​​អាច​ភ្ជាប់​ឯកសារ​​តាម​ខ្លួន​ពីរ​ប្រភេទ​គឺ ប័ណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រត្រួតពិនិត្យ​លក្ខណបច្ចេកទេស (ឆៀក) ជា​ច្បាប់​ថត​ចម្លង​បាន ​​ប៉ុន្តែ​សម្រាប់​ប័ណ្ណបើកបរ​យានយន្ត គឺ​ចាំបាច់​ត្រូវ​តែ​យក​ច្បាប់​ដើម​ តាម​ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

កាលពី​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក​ជញ្ជូន បានថ្លែងបញ្ជាក់ថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅតាមដងផ្លូវ ​​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​សំខាន់ៗ​​ច្បាប់​ដើម​ចំនួន​៣ តាម​ខ្លួន​ ដែល​រួមមាន ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញា​បន​បត្រត្រួតពិនិត្យ​លក្ខណបច្ចេកទេស (ឆៀក) ​​ខណៈ​ដែល​ក្រសួង​ ​អាចនឹង​​ដាក់​ឱ្យ​អនុវត្តន៍​លើ​ការ​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ ​​របស់​អ្នក​ល្មើស​ច្បាប់ ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២២​ នេះ​តទៅ។

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក​ជញ្ជូន

ការ​លើកឡើង​របស់​លោកស្រី​រដ្ឋលេខាធិការ​ខាង​លើ​ ​​បាន​ធ្វើ​ឱ្យប្រជាពលរដ្ឋ​ជា​ច្រើន មាន​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង ​និង​បាន​​លើក​ឡើង​ពី​ផល​លំបាក​នានា ដែល​អាច​ចោទ​ជា​បញ្ហា​ប្រឈម​ដូចជា សម្រាប់​អ្នក​បើកបរ​រថយន្ត​ឱ្យ​គេ អ្នកបង់រំលស់រថយន្តដែលពុំទាន់ទទួលបានឯកសារច្បាប់ដើម អ្នកខ្ចីរថយន្តបងប្អូនជិះ ឬ​​អាច​នឹង​បង្ក​ឱ្យ​មាន​ភាពងាយស្រួល​ដល់​អំពើរ​ចោរកម្ម​ជា​ដើម។

ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន

ឆ្លើយតប​នឹង​រឿងរ៉ាវ​ខាង​លើ ឯកឧត្តម គង់ វិមាន អ្នកនាំពាក្យ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ​​​​បាន​​ថ្លែង​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ នៅ​រសៀល​ថ្ងៃ​អង្គារ​ ទី០២ ខែសីហា នេះ​យ៉ាងដូច្នេះ​ថា៖ “ដូចមានការបកស្រាយ​ហើយ បើតាមច្បាប់​ គឺយើង​ប្រើប្រាស់​ឯកសារដើម តែដើម្បីសម្រួលកិច្ចការនេះ ក្រុមការងារអន្តរក្រសួង នឹងដាក់ស្នើសុំ​គោលការណ៏​សម្តេច​ក្រឡា​ហោម ស ខេង ក្នុងនាមលោក​ជាប្រធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៏ផ្លូវគោក ដើម្បី​អនុវត្ត៖ ១/ ប័ណ្ណបើកបរ សុំឯកសារដើមជាប់ខ្លួន, ២/ ប័ណ្ណសម្គាល់​យានយន្ត សុំត្រឹមឯកសារ​ថត​ចម្លង តែមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និង ៣/ ឯកសារឆៀក ក៏សុំដូចគ្នា​នឹងឯកសាររថយន្តដែរ”។

សូមបញ្ជាក់ផងដែរថា ​ក្រសួង​ ​ក៏អាចនឹង​​ដាក់​ឱ្យ​អនុវត្តន៍​លើ​ការ​ដក​ពិន្ទុ​ប័ណ្ណ​បើកបរ ​​របស់​អ្នក​ល្មើស​ច្បាប់ ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២២​ នេះ​តទៅ។ ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នក​បើក​បរ​ល្មើស​ច្បាប់​បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដង ប័ណ្ណ​បើកបរនឹងប្រើការ​លែងបានតែម្តង៕