លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី២៥ ខែមីនា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។ ហើយលោកក៏បានលើកឡើងថា គឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកបន្តថាស្ពាននេះនឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង ៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានបន្ថែមថា ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។ ស៊ូៗ កម្ពុជា!

សូមបញ្ជាក់ថា គិតត្រឹមដើមខែមីនា ការងារសាងសង់តួស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបានប្រមាណ ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសាងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ ៩៧%។ តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេស ការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសានបានកាន់តែងាយស្រួលបន្ថែមទៀត៕


