សម្ដេច ហ៊ុន សែន ស្នើឲ្យអូស្ត្រាលីបង្កើន​សកម្មភាពពា​ណិ​ជ្ជ​កម្ម និង​​បើក​​ទីផ្សារ​ទទួល​ផលិត​ផល​កម្ពុជាឲ្យធំ​​ទូលា​យ​ជាងមុន

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ឲ្យអូស្ត្រាលីបង្កើន​សកម្មភាពពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសបង្កើតការនាំអង្ករពីកម្ពុជានិងបើ​ទីផ្សារ​ទទួលផលិតផលកម្ពុជាឲ្យបានធំទូលាយជាងមុន​ ដើម្បីពង្រីកកិច្ចស​ហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មបន្ថែមទៀត។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ដូចនេះបានធ្វើឡើង នៅក្នុងជួបពិភាក្សា​ការងារជាមួយលោកជំទាវ ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការដាក់ឱ្យប្រើនូវឧបករណ៍ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារ កាលពីថ្ងៃទី១៥ ខែកក្កដា​ កន្លងទៅដែលជាថ្នាល​បច្ចេកវិទ្យាតែមួយគត់​ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិនផងដែរ។ សម្ដេចតេជោក៏បានសម្តែងនូវការរីករាយនូវភាពជាដៃគូរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេស​រីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេ​ភាគីបានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩ មក។

ជាមួយគ្នានេះ លោកជំទាវ ផេននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានសម្ដែងក្តីរីករាយដែលបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក​ជំទាវ​បានការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោដែលទទួលបានជោគជ័យជាប្រធានអាស៊ានឆ្នាំនេះ។

លោកជំទាវ បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលក្នុងនោះ​សម្តេចតេជោបានធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាដោយផ្ទាល់ ដើម្បីស្វះស្វែងរកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។ លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង។

ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ​៥​ចំណុច កម្ពុជា បានប្រកាន់យកអភិក្រមជាក់ស្តែងនិយមនិងដោះ​ស្រាយមួយជំហានម្តងៗ។ ក្នុងនោះកម្ពុជា បាន​ផ្តោតលើការងារអាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ តែទោះជាយ៉ាងណា កម្ពុជា បានសោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូបនាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្មតាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជា​បន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លងប្រជាធិបតេយ្យឡើងវិញ៕