រដ្ឋមន្រ្តីការបរទេស​កម្ពុជា ជួបតំណាង​ជាន់ខ្ពស់សហភាពអឺរ៉ុប ពិភាក្សា​គ្នា​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និងវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ជួប​តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌដែល​កម្ពុជាធ្វើ​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​នោះ រដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និងលោក បូរ៉េល តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បាន​ជជែក​អំពីទំនាក់ទំនងទ្វេភាគី។

លោក​រដ្ឋមន្រ្តី ប្រាក់ សុខុន ​បាន​សម្តែង​សេចក្តីរីករាយចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការ និងបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មនិងការវិនិយោគ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូល្អទាំងក្នុងផ្នែកនយោបាយ និង សេដ្ឋកិច្ច និងបានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះសហភាពអឺរ៉ុប និងប្រទេសជាសមាជិក សម្រាប់ការបន្តគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា៕