សហរដ្ឋអាមេរិក ចង់មានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងប្រាប់ប្រមុខដឹកនាំកម្ពុជាក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃ៤ ខែសីហា លោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះដែរ លោក Antony Blinken ក៏បានថ្លែងអំណរគុណកម្ពុជា ដែលផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយជាមួយលទ្ធផលនៃជំនួបកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភា ឆ្នាំ២០២២ និងជំនួបជាមួយសមាជិកព្រឹទ្ធសភា និងធុរជនអាមេរិកកន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំងកម្ពុជាផងដែរ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលដរាបរៀងមកជួយដល់កម្ពុជា ទាំងការងារមនុស្សធម៌ការបញ្ជូនវ៉ាក់សាំង ជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការជួយដល់ការងារវប្បធម៌ និងបេតិកភណ្ឌ តាមរយៈការបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញ និងការជួយដល់កម្ពុជា លើវិស័យដទៃទៀត រួមទាំងវិស័យអប់រំ វិស័យបរិស្ថានជាដើម៕