រយៈពេល ៧ខែឆ្នាំនេះ កម្ពុជានាំចេញ ចេក-ស្វាយស្រស់ និងដំណាប់ស្វាយ ទៅកាន់ទីផ្សារអន្តរជាតិមានការធ្លាក់ចុះ

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍ក្រសួងកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជានាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិបានជាង២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ ក្នុងនោះនាំចេញទៅកាន់ទីផ្សារចិន មានចំនួនជាង២២ម៉ឺនតោន និងប្រទេសវៀតណាម ចំនួន២ម៉ឺន៤ពាន់តោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួនជាង១១ម៉ឺន ថយចុះ ២៦.៨៤ភាគរយ ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង២ម៉ឺន៧ពាន់តោន ប្រទេសកូរ៉េ ជាង១៦០តោន និងហុងកុងចំនួនជាង២តោន។

 រីឯការនាំចេញដំណាប់ស្វាយ មានចំនួនជាង១ម៉ឺន៣ពាន់ ថយចុះ២.២២ភាគរយ ក្នុងនោះ៨៥ភាគរយ ត្រូវបាននាំចេញទៅប្រទេសចិន និង១៥ភាគរយ ត្រូវបាននាំចេញទៅថៃ ហ្វីលីពីន វៀតណាម ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស អ៊ីតាលី កូរ៉េ និងសហរដ្ឋអាមេរិក។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងដែរថា នៅក្នុងរយៈពេល៧ខែឆ្នាំនេះ ការនាំចេញកសិផល ក្រៅពីស្រូវ និងអង្ករ ទទួលបានចំណូលប្រមាណ ១ ៧៥៥លានដុល្លារអាមេរិក។

គួររម្លឹកថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង៥១៩លានដុល្លារ ទៅកាន់ប្រទេសចិន ថយចុះ៦.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ចំណែកប្រទេសចិនបាន នាំចូលទំនិញមកកម្ពុជាវិញមានតម្លៃ ៤ ៤៧០លានដុល្លារ កើនឡើង៣១.៥ភាគរយ។ នេះបើតាមទិន្នន័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕