គំនិត​ផ្តួចផ្តើម «ខ្សែ​ក្រា​វាត់​និង​ផ្លូវ» បាន​ចូលរួមផ្លាស់ប្តូរ​និង​អភិវឌ្ឍលើ​វិស័យ​សំខាន់​ចំនួន ៣ នៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

នៅចំពោះមុខលោក Liu Jianchao រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន លោក សួស យ៉ារ៉ា អនុប្រធានទី១គណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអះអាងពេលថ្មីៗនេះថា ភាគីកម្ពុជាយល់ស្រប គាំទ្រ និងឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដែលលើកឡើងដោយលោក Xi Jinping អគ្គលេខាធិការបក្ស និងរីករាយសហការជាមួយភាគីចិនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងលើកិច្ចការអន្តរជាតិនិងក្នុងតំបន់ រួមគ្នារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមអនុវត្តគំនិត​ផ្តួចផ្តើម​ស្តីពី «ខ្សែក្រវាត់​និង​ផ្លូវ» របស់​ប្រទេស​ចិន​ ក្នុងរយៈពេល ​៩ ឆ្នាំ​បាន​ជំរុញ​កំណើន​ពាណិជ្ជ​កម្ម វិស័យ​ទេសចរណ៍ និងការវិនិយោគពីចិន នៅកម្ពុជា។ យោងតាម​​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​ គំនិត​ផ្តួចផ្តើម «ខ្សែ​ក្រា​វាត់​និង​ផ្លូវ» ដែល​បាន​ដាក់ចេញ​នៅក្នុង​រយៈពេល ៩ ឆ្នាំ​មក បាន​ចូលរួម ផ្លាស់ប្តូរ​និង​ការអភិវឌ្ឍ លើ​វិស័យ​សំខាន់​ចំនួន ៣ រួមមាន ជំរុញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន ​និង​កម្ពុជា, ការអភិវឌ្ឍ​ខាង​វិស័យ​ទេសចរណ៍ ,និង​ការចូលរួម​ក្នុង​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា។

ពេលកន្លងទៅ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំងចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយចាត់ទុកគំនិតផ្តួចផ្តើមនេះ គឺជាចលករមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា និងប្រទេសជាសមាជិកទាំងអស់សរុប១២៦ ប្រទេសនោះ។

ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ២០១៦ ហើយកម្ពុជា ក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ជាសមាជិកនៃគំនិតផ្តួចផ្តើមមួយនេះ កម្ពុជាត្រូវបានមើលឃើញទាញបានប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានស្រង់សម្តីលោក សួស យ៉ារ៉ា ថា កម្ពុជានិងចិន គឺជាមិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រដែលមានទំនុកចិត្តលើគ្នាទៅវិញទៅមក ហើយសហគមន៍វាសនារួមរវាងកម្ពុជានិងចិនមិនអាចបំបែកបានឡើយ។

លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរនិងគណបក្សទាំងពីរបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធតាមគ្រប់ទម្រង់ ដោយភាគីទាំងពីរទទួលបានសមិទ្ធផលផ្លែផ្កាយ៉ាងច្រើនអនេកលើវិស័យជាច្រើន ដូចជាផ្នែកនយោបាយ ផ្នែកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងផ្នែកទំនាក់ទំនងមនុស្សសាស្រ្តជាដើម។

នៅក្នុងជំនួបនោះ លោក Liu Jianchao បានសង្កត់ធ្ងន់ថា ការជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ស្នូលរវាងគ្នានិងគ្នា គឺជាលក្ខណៈពិសេសប្លែកនៃទំនាក់ទំនងរវាងចិននិងកម្ពុជា។

លោកបន្តថា ភាគីចិនសូមកោតសរសើរខ្ពស់ចំពោះការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលការណ៍ចិនតែមួយ និងការតែងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់លើបញ្ហាទាក់ទងផលប្រយោជន៍ស្នូលរបស់ភាគីចិន។

កាលពី​ចុងឆ្នាំ២០២១កន្លងទៅ កម្ពុជា-ចិន តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួងពាណិជ្ជកម្ម និង​ក្រសួងពាណិជ្ជកម្ម​​ចិន សម្រេច​បង្កើត​ក្រុមការងារ​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ពង្រឹង​ការវិនិយោគ និង​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់តែ​ប្រសើរ។

គួររំឭកថា ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ សម្រេច​ជាង​២​ពាន់​៨៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ជាង ៣០% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១ ដែល​មាន​ទឹកប្រាក់​ជាង​២​ពាន់​២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទំហំ​ទឹកប្រាក់​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​ជាមួយ​ទំហំ​ប្រាក់​នាំ​ចូល​ពី​ចិន​វិញ គឺ​នៅ​តែ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ​ហៅ​មិន​លឺ​ដដែល។

ក្នុងនោះ ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ​ជាង ៣២១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​នៅ​ត្រឹ​មាស​ទី​១​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​៣,៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១ ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង ២​ពាន់​៥៥០​លាន​ដុល្លារ​កើនឡើង​ជាង ៣៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕