តើរាត្រីទឹកឃ្មុំនៃទំនាក់ទំនងកម្ពុជាអាមេរិក ក្នុងអាណត្តិប្រមុខការទូតបច្ចុប្បន្ន វិវត្តកម្រិតណា?

សង្គម​និង​សេដ្ឋកិច្ច

ទំនាក់ទំនង​ទ្វេភាគី​រវាងកម្ពុជាសហរដ្ឋ​អាមេរិក​ ​ដែល​បាន​ឈាន​ចូល​ដល់​គម្រប់​ ៧២ ​ឆ្នាំ ​នៅ​ឆ្នាំ​ ២០២២នេះ ហាក់​មាន​ភាពល្អូកល្អឺនដោយពេល ដោយពេលខ្លះក៏ឈានទៅផ្តាច់ទំនាក់ទំនងការទូតក៏មាន។ ប៉ុន្តែ សហរដ្ឋ​អាមេរិក​ហាក់មាន​ចំណាប់អារម្មណ៍ មាន​ចិត្ត​ចង់​ប្រតិព័ទ្ធកម្ពុជា បើទោះបីជាពេលខ្លះអាមេរិកខ្លួនឯង តាំងខ្លួនជាបងធំក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្ថានទូតអាមេរិកនៅភ្នំពេញ

សហរដ្ឋ​អាមេរិក​ បាន​បង្កើត​ចំណង​ការ​ទូត​ជា​ផ្លូវ​ការ​លើក​ដំបូង​ជាមួយ​កម្ពុជា នៅ​ថ្ងៃ​ទី​ ១១​ ខែ​កក្កដា​ ឆ្នាំ​១ ៩៥០ ដែល​នៅ​ពេល​នោះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដំបូង​គេ​គឺ​លោក Donald Heath បាន​ប្រគល់​សារតាំង​ថ្វាយ​ព្រះបរមរតនកោដ្ឋ​ ព្រះបាទ​នរោត្តម សីហនុ។

ក្នុង​អំឡុង​ទសវត្សរ៍ ១៩៥០​ នោះ សហរដ្ឋ​អាមេរិក បាន​ចាប់ផ្តើម​ផ្តល់​ជំនួយ​ដល់​កម្ពុជា ដែល​ផ្តោត​ទៅលើ​វិស័យអប់រំ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ រួម​ទាំងការ​សាងសង់​ផ្លូវ​ល្បឿនលឿន​មិត្តភាព​ខ្មែរ-អាមេរិកាំង ​(​បច្ចុប្បន្ន​ផ្លូវ​ជាតិ​លេខ​៤​) ដែល​តភ្ជាប់​រាជធានី​ភ្នំពេញ​ ទៅកាន់​ក្រុង​ព្រះសីហនុ​ ដែល​ជា​ក្រុង​កំពង់​ផែ​ទឹកជ្រៅតែ​មួយ​គត់​របស់​កម្ពុជា​ផង។ ​មេដឹកនាំ​កម្ពុជា​នៅ​គ្រា​នោះ​ គឺ​អតីត​ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ​ព្រះបាទ​នរោត្តម សីហនុ ក៏​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ។

ក្នុង​រយៈពេល ​៧ ​ទសវត្សរ៍កន្លង​មក​នេះ ក្រោម​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកប្រចាំ​កម្ពុជា​សរុប​ចំនួន​ ១៧ ​នាក់ ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ មាន​ភាព​បត់​បែន​ និង​ឡើង​ចុះ​ទៅ​តាម​ស្ថានភាព​នយោបាយ​ក្នុង​សម័យ​កាល​នីមួយៗ។

ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ ចាប់ផ្តើម​ស្គាល់​ភាព​រកាំរកូស​ និងធ្លាក់​ដុនដាប​ខ្លាំង​រហូត​ដល់​មាន​ការ​ផ្តាច់​ចំណង​ការ​ទូតនៅពាក់កណ្តាល​ទសវត្ស​រ៍ ១៩៦០ មុន​នឹង​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ស្តារ​ឡើង​វិញ​នៅ​ចុង​ទសវត្សរ៍ដដែល​នោះ ដោយ​មាន​ការ​ធ្វើ​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​របស់​សហរដ្ឋ​អាមេរិក​គឺ លោកស្រី ​Jacqueline Kennedy នៅ​​កម្ពុជា។

លោកស្រី ​Jacqueline Kennedy និងអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋិ

ទំនាក់ទំនង​ទ្វេ​ភាគី​នេះ ត្រូវ​បាន​កាត់​ផ្តាច់​ម្តងទៀត​ចាប់ពី​ពាក់កណ្តាល​ទសវត្ស​រ៍​ ១៩៧០​ នៅ​ពេល​ដែល​ក្រុម​ខ្មែរក្រហមបាន​ឡើង​កាន់​អំណាច។ ទើប​តែ​នៅ​ដើម​ទសវត្ស​រ៍​ ១៩៩០ ​ប៉ុណ្ណោះ ដែល​សហរដ្ឋ​អាមេរិក​ចាប់ផ្តើម​ស្តារ​ទំនាក់ទំនង​ការទូតហើយ​ចាប់ផ្តើម​ផ្តល់​ជំនួយ​អភិវឌ្ឍ​ន៍ដល់​កម្ពុជា​ឡើង​វិញ។​ ប៉ុន្តែ ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ក្នុងអំឡុង​ពេល​ប្រមាណ ​៣០ ​ឆ្នាំ​កន្លង​មក​នេះ ភាគច្រើន​តែង​មាន​ភាព​រកាំរកូស ​និង​តានតឹង ​ជាពិសេស​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ ដោយអាមេរិកចោទកម្ពុជាថា ធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ។

យ៉ាងណា ទំនាក់ទំនង​រវាងប្រទេសទាំងពីរហាក់​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាងពេល​មុន។ នេះអាចថា ​​ប្រមុខការទូតអាមេរិកាំងប្រចាំកម្ពុជាបច្ចុប្បន្ន ប្រកាន់​យក​ឥរិយាបទ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់។ កំឡុងខែកញ្ញា ឆ្នាំ២០១៩ ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បានមកដល់កម្ពុជា ជាមួយនឹងក្តីសង្ឃឹម​របស់​លោក ​គឺ​បញ្ជៀស​ជម្លោះ​និង​ពង្រឹង​ទំនាក់ទំនង​តាម​របៀប​ដែល​អាច​ផ្តល់​ប្រយោជន៍ទៅ​វិញទៅមក​ដល់​ប្រទេស​ទាំង​ពីរ។

​លោក​ W. Patrick Murphy និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងជំនួបនាវិមានសន្តិភាព

លោក W. Patrick Murphy បានថ្លែងថា៖ «យើង​មក​ក្នុង​ប្រទេស​កម្ពុជា​មិន​មែន​ដើម្បី​ជ្រៀតជ្រែក​ ឬ​ធ្វើ​អន្តរាគមន៍​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ។ យើង​គោរព​ឯក​រាជ្យ​និង​អធិបតេយ្យ​របស់​ប្រទេស​នេះ។​ យើង​ចង់​ធ្វើ​ជា​មិត្ត​ល្អ​និង​ជា​ដៃ​គូ​ដ៏​ល្អ​មួយ»​។ លោកឯកអគ្គរដ្ឋទូត​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​ មិន​កាន់​ជើង​ភាគី​ណាមួយ​ទេ តែ​លោក​បន្ថែមថា៖ «យើងសង្ឃឹម​ថា​អាច​មាន​កិច្ចប្រឹងប្រែង​រួមគ្នា​ ដោយ​មាន​ការ​ព្រមព្រៀង​គ្នា​ក្នុង​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរពសិទ្ធិមនុស្ស​ ឲ្យ​បាន​ពេញលេញ»។

តាមរយៈពាក្យសម្ដី និងកាយវិការលោក​ឯកអគ្គរដ្ឋទូត​ប្រើ​កន្លង​មក​នេះ ហាក់​ដូចជា​មាន​ភាព​ការ​ទូត មាន​ភាព​ទន់ភ្លន់ មាន​ភាព​ស្និទ្ធស្នាល​ជាង​មុន​ ដែល​អាចឆ្លុះ​បញ្ចាំង​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​ប្រកាន់​គោលការណ៍​របស់​ខ្លួន​ថា ​ខ្លួន​ហ្នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល។

ក្នុង​បទវិចារណកថា​មួយ​របស់​លោក​ W. Patrick Murphy ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ កាល​ពី​ខែ​កក្កដា ​ឆ្នាំ ២០២០ ឯកអគ្គរដ្ឋទូត​រូប​នេះ អះអាងថា ​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ចិត្ត​បន្ត​ជួយ​កម្ពុជា ស្តារ​សេដ្ឋកិច្ច​ឲ្យ​កាន់​តែ​រឹងមាំ ​និងមាន​លក្ខណៈ​ធន​ជាង​នេះ​ទៀត​នៅ​ពេល​អនាគត ទោះបីជាមាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នា​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ។

Page 1 pix: US Ambassador Patrick Murphy, Commerce Minister Pan Sorasak and Mr Murphy\’ wife Kathleen Norman at the joint celebration of US Independence Day and 70th anniversary of Cambodia-US ties in Phnom Penh on Wednesday. US Embassy

សម្រាប់ក្រុមអ្នកសេដ្ឋកិច្ច និងនយោបាយជាច្រើននៅកម្ពុជា បានចាត់ទុកភាព​ល្អូកល្អឺន​ក្នុង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ​ក្នុង​ពេល​ថ្មីៗ​នេះ​ គឺ​ដោយ​សារ​អាមេរិក​មិន​ចង់​រុញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​កណ្តាប់​ដៃ​ចិន​តែ​ប៉ុណ្ណោះ។

មានរឿងរ៉ាវជាច្រើនដែលកម្ពុជា ធ្លាប់បានផ្តល់ដល់សហរដ្ឋអាមេរិក ប៉ុន្តែមានករណីពិសេសមួយធ្វើឱ្យអាមេរិកមានការចង់ចាំទង្វើកម្ពុជាចំពោះពលរដ្ឋអាមេរិក ក៏ដូចជាពលរដ្ឋលើពិភពលោក ក្នុងនោះនៅ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២០ កម្ពុជា ក៏​បាន​សម្រេច​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ Westerdam របស់​ក្រុមហ៊ុន​អាមេរិក​មួយ ចូលចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ ក្រោយ​ពី​នាវា​នោះ ត្រូវ​បាន​បដិសេធ​ដោយប្រទេស​ជាច្រើន​ ដោយ​សារ​ការ​បារម្ភ​អំពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបច្ចុប្បន្ន ត្រូវតែងតាំងក្នុងអាណត្តិប្រធានាធិបតីទី៤៥ លោក ដូណាល់ ត្រាំ ដែលទើបផុតអាណត្តិនៅដើមឆ្នាំ២០២១។

នៅ​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ អតីតប្រធានាធិបតី​ ​លោក​ ដូណាល់ ត្រាំ បាន​ផ្ញើ​សារ​តាមរយៈ​លិខិត​មួយ​ច្បាប់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​បាន​សរសេរ​ថា៖ «វា​មាន​សារៈសំខាន់​សម្រាប់​អនាគ​តនៃ​ទំនាក់ទំនង​ទ្វេ​ភាគី​របស់​យើង​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​វិល​ត្រឡប់​ទៅ​លើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​វិញ»។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ​៤៥ ​រូប​នេះ ក៏​បាន​បញ្ជាក់​​ដែរ​ថា​ សហរដ្ឋ​អាមេរិកមិន​បាន​ស្វះស្វែង​រក​ការ​ផ្លាស់ប្តូរ​របប​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលលិខិត សម្តេចតេជោ ហ៊ុន សែន​ ក៏បាន​ឆ្លើយតប​ជា​លិខិត​ទៅ​កាន់​អតីតប្រធានាធិបតី ​ត្រាំ ​វិញ​នៅ​ចុង ​ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៩​ ដោយ​លើកឡើង​ថា ​កម្ពុជា​យល់​ព្រម​ធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ទំនាក់ទំនង​ទ្វេភាគី​ឡើង​វិញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងអតីតប្រធានាធិបតីអាមេរិក នៅក្រុងវ៉ាស៊ិនតោន

ទោះបីជាបែបនេះក្តី ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​នៅតែខ្វះភាពល្អូកល្អឺនក្នុងជំនាន់រដ្ឋបាល ប្រធានាធិបតី ចូ បៃដិន។ នៅខែឧសភា ឆ្នាំ២០២២នេះ នា​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​អាស៊ាន​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន នាយករដ្ឋ​មន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ​ បានជួប​ជាមួយ​លោក​ប្រធានាធិបតី ចូ បៃដិន របស់​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង​នៅក្នុង​រយៈពេល ​១៥ ​ខែ ចាប់​តាំង​ពី​លោក បៃដិន បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​មករា ​ឆ្នាំ ២០២១ មក។

ក្នុង​អំឡុង​ពេលជាង ១ឆ្នាំមក​នេះ ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋបាល​លោក បៃដិន និង​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន ហាក់នៅ​តែ​បន្ត​រកាំ​រកូស​ ក៏ប្រហែលទំនងដោយ​វត្តមាន​ឥទ្ធិពល​របស់​ចិន​នៅ​ប្រទេស​កម្ពុជា។ កាយវិការ ដែលស្តែងចេញជារាត្រីទឹកឃ្មុំនៃទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិក ដូចជាមិនមានស្ថានការណ៍វិវត្តន៍ឈានដល់កម្រិតគួរឲ្យកត់សម្គាល់ណាមួយនៅឡើយ ខណៈរដ្ឋបាល អតីតប្រធានាធិបតី ត្រាំ និងប្រធានាធិបតីអាមេរិកបច្ចុប្បន្ន នៅបន្តលក្ខខណ្ឌតឹងរ៉ឹងដាក់ទណ្ឌកម្មមកលើមន្រ្តីរាជរដ្ឋាភិបាល និងអ្នកជំនួញកម្ពុជាមួយចំនួនផងដែរ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ចូ បៃឌិន នាក្រុងវ៉ាស៊ិនតោន

យ៉ាង​ណា​ក៏​ដោយ​ ទោះ​បី​ជា​តឹង​មាត់​តឹង​សម្ដី​ចោទគ្នាយ៉ាង​ណា​ កម្ពុជា​ក៏​បាន​បង្ហាញ​ជំហរ​ចង់​ស្ដារ​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ផង​ដែរ។ តាំង​ពី​ឆ្នាំ​ ២០១៩ ​មករដ្ឋាភិបាលកម្ពុជាបាន​ជួបក្រុមហ៊ុន​​អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដើម្បី​ឡប់ប៊ី​បញ្ចុះ​បញ្ចូល​​ទាក់​ទាញ​វិនិយោគិន​អាមេរិកាំង​ឱ្យ​មក​បណ្ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា។

សូមជម្រាបជូនថា សហរដ្ឋអាមេរិក​ជា​ទីផ្សារ​នាំ​ចេញ​ចម្បង​បំផុត​មួយ​របស់​កម្ពុជា។ របាយការណ៍របស់ការិយាល័យជំរឿនអាមេរិកក្នុងសប្តាហ៍នេះឲ្យដឹងថា រយៈពេល៣ខែ ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកមានជាង ២ ៩១៦លានដុល្លារ កើនឡើងប្រមាណ៤៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីត្រីមាសទី១ឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ១ ៩៦៩លានដុល្លារ។

តាមរយៈទិន្នន័យដដែលនេះ បង្ហាញថាការនាំទំនិញកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើងប្រមាណ៥០.៦៧% ​ពោលគឺក្នុងត្រីមាសទី១នៃឆ្នាំ២០២២នេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ប្រមាណ ២ ៨០៧លានដុល្លារ ដែលបានកើនឡើងពី ១ ៨៦៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២១។

About 10 to 15 percent of logistics providers are preparing for bankruptcy within the next three months. Khmer Times

ប៉ុន្តែការនាំទំនិញអាមេរិកមកកម្ពុជាវិញ ហាក់មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេ ក្នុងត្រីមាសទី១នេះ ពោលគឺកម្ពុជាបាននាំចូលទំនិញអាមេរិក ដែលមានទឹកប្រាក់ជាង ១០៩លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កើនឡើង២.៩១%ប៉ុណ្ណោះ។

ក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតំលៃខ្ពស់លើទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ទោះបីជាមានការប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកាត់សំគាល់នៅក្នុងឆ្នាំ២០២១។

បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជាអាម៉េរិកសម្រេចបាន ៧.៨ពាន់លានដុល្លារ កើនឡើងប្រមាណ៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសរុបជាទឹកប្រាក់ប្រមាណ៥.៥ពាន់លានដុល្លារ៕​