អគារទីស្តីការក្រសួងដែនដីថ្មី ត្រៀមតុបតែងភ្លើងលម្អរបៀបជាប្រាសាទ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សា​និង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ ​​ដើម្បី​ត្រៀម​​តុបតែងភ្លើងលម្អរបៀបជាប្រាសាទ ចំពោះ​អគារ​ទីស្តីការ​ថ្មី​របស់​ខ្លួន ដែល​មាន​ទីតាំង​នៅ​​ជិត​ Grand Phnom Penh ក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីសម្រេច​គម្រោង​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ​ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ដឹកនាំ​កិច្ចប្រជុំពិភាក្សា​ស្តីពី​ការសិក្សា​សាកល្បង​លើគម្រោងប្លង់តុបតែងភ្លើងលម្អរបៀប​ជាប្រាសាទ ចំពោះអគារទីស្តីការក្រសួង​ដែនដី ដោយក្រុមហ៊ុន ប៊ីអិន ភី អ៊ុនណូ វេសិន ឯក (BNP Innovation) ដោយមានការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​នាក់។

អគារទីស្តីការក្រសួងដែនដីថ្មី ដែល​ដឹកនាំ​​​​​​សាងសង់​ឡើង​ដោយ​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និង​ស្ថាបត្យករ​ឆ្នើម បណ្ឌិត លី រស្មី កំពុង​ទទួល​បាន​ការ​ស្ញើញ​សរសើរ​យ៉ាង​ខ្លាំង​ពី​សាធារណៈជន​ទូទៅ ​​​ដោយសារ​មាន​ក្បាច់រចនា​​ចម្រុះ​សម័យ​រួម​​គ្នា តាំង​ពី​ក្បាច់​ខ្មែរ​បុរាណ ក្បាច់សម័យអង្គរ ​ក្បាច់​សម័យ​ក្រោយ​អង្គរ និង​ក្បាច់​ខ្មែរ​សម័យ​ទំនើប​ផងដែរ។ បច្ចុប្បន្ន​នេះ​ ជារៀងរាល់ថ្ងៃ ​​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជា​ច្រើន តែង​ទៅ​កម្សាន្ត​នៅ​មុខ​អគារ​នេះ ដើម្បី​ទស្សនា​ទស្សនីយភាព និង​ថត​រូប​កម្សាន្ត​ជា​អនុស្សាវរីយ៍។

គួរបញ្ជាក់ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មី​ដ៏ពិសិដ្ឋ​នៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា និងជាស្នាដៃផ្ទាល់របស់កូនខ្មែរ តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ អគារទីស្តីការក្រសួងដែនដីថ្មី សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ ៤,៥ហិកតា​មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕