វិនិយោគិនម៉ាស៊ីជាង ៤០ក្រុមហ៊ុនមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗនេះ ក្រុមវិនិយោគមកពីប្រទេសម៉ាឡេស៊ី ប្រមាណជាង ៤០ក្រុមហ៊ុន បាននិងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៣០សីហា ដល់ថ្ងៃទី ០២ កញ្ញា ដែលដឹកនាំដោយសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី (MRCA)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបដាច់ដោយឡែកជាមួយក្រុមវិនិយោគម៉ាឡេស៊ី លោក សុខ ចិន្ថាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្ត និងបង្ហាញការស្វាគមន៍យ៉ាងខ្លាំង ចំពោះក្រុមវិនិយោគម៉ាឡេស៊ី ដែលបានមកស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ដោយលោកក៏បានបង្ហាញពីសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលវិនិយោគិនគួរមកវិនិយោគនៅប្រទេសកម្ពុជា។

លោកគូសបញ្ជាក់ថា បើប្រៀបនឹងបណ្ដាប្រទេសក្នុងតំបន់ កម្ពុជា មានសក្ដានុពលជាងប្រទេសទាំងនោះ ដូចជា មានកម្លាំងពលកម្មច្រើន និងជាទីកន្លែងមានអំណោយផលគ្រប់គ្រាន់សម្រាប់បម្រើដល់ការវិនិយោគ។ លើសពីនោះ កម្ពុជា ក៏ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អ ដែលធ្វើឲ្យស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា កាន់តែប្រសើរ និងធ្វើឲ្យសង្គមនិងសេដ្ឋកិច្ចកម្ពុជា អាចបើកដំណើរការបានយ៉ាងពេញលេញឡើងវិញ។

បើតាមលោក សុខ ចិន្ថាសោភា ប្រទេសកម្ពុជា គឺជាទីផ្សាសេរីដែលបើកទូលាយដល់ការវិនិយោគលើ គ្រប់វិស័យ បើទោះបីជាទំហំទីផ្សារកម្ពុជាតូចក្តី ប៉ុន្តែមានភាពរឹងមាំ ពិសេសគឺមានស្ថានភាពល្អ។

ក្នុងជំនួបនោះដដែលនោះ លោក Sharan Valiram ប្រធានសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី បាននិយាយថា ដំណើរបេសសកកម្មរបស់គណៈប្រតិភូតំណាងក្រុមហ៊ុនម៉ាឡេស៊ីទាំង៤៣ក្រុមហ៊ុន នឹងនាំមកនូវភាពវិជ្ជមានសម្រាប់ឧស្សាហកម្មលក់រាយ នៅតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះលោកសង្ឃឹមថា ក្រុមហ៊ុនម៉ាឡេស៊ី ដែលបានចូលរួមក្នុងដំណើរបេសកកម្មពាណិជ្ជកម្មនេះ នឹងស្វែងរកឱកាសសម្រាប់ការវិនិយោគនៅក្នុងទីផ្សារតំបន់ឥណ្ឌូចិន ដែលចាប់ផ្ដើមពីប្រទេសកម្ពុជាទៅ។ បន្ថែមទៀតនោះលោកក៏បានបញ្ជាក់ផងដែរ ពីគោលបំណងសំខាន់ ក្នុងដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងប្រទេសម៉ាឡេស៊ី និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគលើគម្រោងថ្មី ចំនួន១១១គម្រោង ដែលមានទំហំទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ៕