ត្រឹមឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយអន្តរជាតិកើនដល់ ២៦%

សង្គម​និង​សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មកម្ពុជា បានកើនឡើងក្នុងអត្រា ២៨,២៣% ក្នុងរយៈពេល១ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២១ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ មានការកើនឡើងក្នុងអត្រារហូត២៦% ។ នេះបើតាមការឲ្យដឹងពីលោក សុខ សុភ័ក្ត្រ នៅក្នុងជំនួបពិភាក្សាការងារ​ទ្វេភាគី ជាមួយប្រធានក្រុមសេដ្ឋកិច្ចវិទូ ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះថា ​ការ​នាំ​ចេញ​ទំ​និញ​​កម្ពុជា​ទៅ​កាន់​ទី​ផ្សារ​ពិ​ភព​លោក​​ក្នុង​ឆ្នាំ​២០២១ បាន​កើន​ឡើង​​​ប្រមាណ ១៩,៣ ប៊ីលាន ដុល្លារអាម៉េរិក ​ក្នុងអត្រាកំណើន​ប្រមាណ​ ៥,៨% ធៀប​នឹង​ឆ្នាំ​២០២១។

ជារួម លោកថា ​ទំ​ហំ​ពាណិជ្ជកម្ម​កម្ពុជា​​​បាន​កើន​ឡើង​ក្នុង​អត្រា​ ២៨,២៣% ​ក្នុង​រយៈ​ពេល​១​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០២០-២០២១​ និងមាន​ការ​កើន​ឡើង​ក្នុង​អត្រា​ ២៦% ​ក្នុងឆមាស​ទី​១ ឆ្នាំ ២០២២ នេះ​។ ដោយ​ឡែក​ ចំពោះ​វិស័យ​វិនិយោគ​វិញ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២២ នេះ​ ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បាន​អនុ​ម័ត​លើ​គម្រោង​វិនិយោគ​ចំនួន ៤៧ គម្រោង ដែល​មាន​ដើម​ទុន​សរុប​ប្រមាណ ២,៥ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងអត្រាកំណើនប្រមាណ​ ១៤,២% ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០២១។

លោកក៏បានបញ្ជាក់ទៀតថា ​​គម្រោង​វិនិយោគ​ទាំង​នោះ​ផ្ដោត​លើ គម្រោង​សាងសង់មជ្ឈមណ្ឌលភស្ដុភារកម្ម​និង​កំពង់​ផែ​ពហុបំណង វារីអគ្គិសនី ការ​ផលិត​សំបកកង់ឡាន សណ្ឋាគារ រោង​ចក្រ​ស៊ីម៉ង់ត៍ ការ​ដាំ​ដុះ​ចេក​និង​ផ្លែ​ឈើ​ផ្សេងៗ រោង​ចក្រ​ដំឡើង​រថយន្ដ​ និង​មន្ទីរ​ពេទ្យ…ជាដើម​។​

គួរបញ្ជាក់ដែរថា ​ទោះ​បី​ជា​ទំ​ហំពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​វិជ្ជមាន​ក្នុង​រយៈ​ពេល​ ១៨ ខែចុង​ក្រោយ​នេះ​ក៏​ដោយ ក៏​​កម្ពុជា​នៅ​តែ​​បន្ដ​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​មួយ​ចំ​នួន​ដូច​ជា៖ ១) ភាព​មិន​ច្បាស់​លាស់​នៃ​វិបត្តិ​កូវីដ-១៩ ​ធ្វើ​ឱ្យ​ប្រទេស​មួយចំនួន​នៅ​បន្ដ​អនុវត្ត​វិធាន​ការ​សុខា​ភិបាល​តឹង​តែង និង​​ការកម្រិត​លទ្ធ​ភាព​នៃ​ការ​ធ្វើ​ដំណើរ ២) ជម្លោះ​រវាង​រុស្សី​និង​អ៊ុយ​ក្រែន ៣) ​កង្វះ​ខាត​ហេដ្ឋារចនា​សម្ព័ន្ធ​​បច្ចេកវិទ្យា ព័ត៌មាន និង​ទំ​នាក់​ទំ​នង (ICT)ជាដើម។

ជា​មួយ​គ្នា​នេះ​ដែរ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ក្រសួងពាណិជ្ជកម្ម ក៏បាន​ស្នើ​ឱ្យ​ភាគី ADB ពិចារណា​ផ្ដល់​ការ​គាំ​ទ្រ​កម្ពុជា​តាម​រយៈ​ការ​ផ្ដល់​ជំ​នួយ​បច្ចេកទេស ​និង​ហិរញ្ញវត្ថុ​​​សម្រាប់សកម្មភាពនានាដល់កម្ពុជាផងដែរ៕