លោក គង់ វិបុល ស្នើឱ្យលោក ជា ចាន់តូ ពិនិត្យមើលសហគ្រាសចំនួន ២ មិនគោរពកាតព្វកិច្ចសារពើពន្ធ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ស្នើឱ្យធនាគារជាតិនៃកម្ពុជា ពិនិត្យមើលលើសហគ្រាសចំនួន ២ ដែលបាននឹងកំពុងប្រតិបត្តិការអាជីវកម្មឥណទាន និងផ្តល់ប្រាក់កម្ចី ព្រមទាំងធ្វើការផ្សព្វផ្សាយផ្តល់សេវាកម្មរបស់តាមបណ្តាញសង្គមហ្វេសប៊ុកដោយពុំបានបំពេញកាតព្វកិច្ចចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសមកកាន់អគ្គនាយកដ្ឋានពន្ធដារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលិខិតមួយទំព័រ របស់លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ផ្ញើទៅកាន់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ បានបង្ហាញនៅឈ្មោះសហគ្រាសដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជីចំនួន ២ រួមមាន៖ Happy Loan Cambodia និងTiger Loan ក្នុងនោះ Happy Loan Cambodia ជាសហគ្រាសដែលបានចុះបញ្ជីពន្ធដារ ប៉ុន្តែមិនមកធ្វើបច្ចុប្បន្នភាពព័ត៌មានសហក្រាស និងមិនបានប្រកាសពន្ធ។ ចំណែកឯសហគ្រាស Tiger Loan ជាសហគ្រាសដែលមិនទាន់បំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារនៅឡើយ។

លោក គង់ វិបុល បានបញ្ជាក់ថា ដើម្បីឱ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា ស្នើសុំឱ្យលោក ជា ចាន់តូ ពិនិត្យលទ្ធភាពជំរុញឱ្យសហគ្រាសទាំង ២ គោរពកាតព្វកិច្ចសារពើពន្ធជាធរមានជាមុនសិន៕