អតីតអ្នករត់តាក់ស៊ី ឡើងផ្កាយ១ និងឡើងតួនាទីជា «មេប៉េអឹមខេត្តត្បូងឃ្មុំ»

សង្គម​និង​សេដ្ឋកិច្ច

នៅព្រឹក​ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ត្រូវបានតម្លើងឋានន្ដរស័ក្ដិ និង​ចូល​កាន់​តំណែងជា ​មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជា​ផ្លូវការ ​ដែល​ពិធី​ចូល​កាន់​តំណែង​នេះ​ ស្ថិត​ក្រោម​អធិបតីភាព​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកង​យោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក រ័ត្ន ចាន់ណា មានឋានន្តរស័ក្តិ​វរសេនីយ៍ឯក (ស័ក្តិ៥) ​និង​ជាមេបញ្ជាការ​រង​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ​​ត្រូវ​បាន​​​​​សម្តេច​ពិជ័យសេនា ទៀ បាញ់ ចេញ​ប្រកាស​តែងតាំង​ជា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ជំនួស​លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ដែល​ត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធ​សាស្ដ្រ​យោធា ថ្នាក់អគ្គបញ្ជាការ កាល​ពី​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ២០២២។

យ៉ាងណាមិញ នៅថ្ងៃពិធី​ចូល​កាន់​តំណែង​នេះ លោក​​ រ័ត្ន ចាន់ណា ក៏​ត្រូវ​បាន​​ទទួល​ការ​តម្លើង​ឋានន្តរស័ក្តិ​ពី ​វរសេនីយ៍ឯក ទៅ​​ថ្នាក់​ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ផង​ដែរ។ លោក​​ រ័ត្ន ចាន់ណា ត្រូវ​បាន​គេ​​ស្គាល់​ថា ជា​បុគ្គល​ម្នាក់​ឧស្សាហ៍ តស៊ូព្យាយាម​ តាំង​ពី​​ជីវិត​ជា​អ្នករត់​តាក់ស៊ី រហូត​​​អាច​ចូល​បម្រើ​ការងារ​ជា​​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​លេខ​៧០១ ហើយ​ក្រោយ​មក​ទទួល​បាន​ការ​តែងតាំងជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ តាំងពីឆ្នាំ២០១៥៕