សម្តេចតេជោ ហ៊ុន សែន ជំរុញតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ដើម្បីតភ្ជាប់ថាមពលអគ្គិសនី

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងសុន្ទរកថាគន្លឹះ បើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៥ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកថាមពលក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងគំនិតផ្តួចផ្តើមទាំងនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសសមាជិកអាស៊ាន ជំរុញតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ដើម្បីតភ្ជាប់ថាមពលអគ្គិសនីក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការកើនឡើងនៃសេចក្តីត្រូវការថាមពល និងអស្ថិរភាព នៃថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បាននិងកំពុងបង្កឱ្យ មានអតិផរណាខ្ពស់ ស្របពេលដែល ការរឹតបណ្តឹងគោលនយោបាយរូបិយវត្ថុពីសំណាក់ធនាគារ កណ្តាលនៃបណ្តាប្រទេសជាច្រើន បានដាក់សម្ពាធបន្ថែមមកលើតម្រូវការ និងកំណើនសេដ្ឋកិច្ចសកល។ ជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុការកើនឡើងកំដៅផែនដី និងគ្រោះធម្មជាតិ ក៏បាននិងកំពុងលេចរូបរាងកាន់តែច្បាស់ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដែលការណ៍នេះអាចបង្កឱ្យមានការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងការធ្លាក់ចុះដ៏គួរឱ្យព្រួយបារម្ភ នៃខ្សែច្រវាក់តម្លៃ និងផលិតភាពសកល។

នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សម្តេតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន ក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ត្រូវយកចិត្តទុកដាក់លើអន្តរកាល ថាមពល ដែលជាកិច្ចការគន្លឹះមួយ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងភាពរឹងមាំ។

បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាយោបល់គំនិតផ្តួចផ្តើមមួយចំនួន ដូចជា ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័ន ការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានជាអតិបរមា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពលអគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឱ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន និងចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ ថាមពលអាស៊ាន ឆ្នាំ ២០២១-២០២៥ ដូចដែលបានកំណត់៕