បណ្ឌិតស្ថាបត្យករ លី រស្មី បង្ហាញស្នាដៃកែប្រែប្រឡាយលូទឹកកខ្វក់កណ្តាលក្រុងសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញស្នាដៃចូលរួមស្តារ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ដោយកែប្រែប្រឡាយលូទឹកកខ្វក់ដែលមានក្លិនមិនល្អ ទៅជាផ្លូវសម្រាប់ថ្មើរជើង នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីអង្គរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ លោក លី រស្មី បានឲ្យដឹងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ក្រុមការងារខិតខំប្រឹងប្រែងធ្វើកិច្ចការ រហូតបានសមិទ្ធផលថ្មីមួយទៀត លេចរូបរាងឡើងនៅលើទឹកដីអង្គរ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ គឺគម្រោងកោងកាងសាងស្នេហ៍ ដែលបានកែប្រែប្រឡាយលូទឹកកខ្វក់ដែលមានក្លិនមិនល្អ ប៉ះពាល់ដល់បរិស្ថាន ស្ថិតនៅកណ្តាលក្រុងសៀមរាប ទៅជាផ្លូវដែលមានលម្អដោយអាងទឹក និងដើមឈើ ដែលនឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើរកម្សាន្ត គួរជាទីមនោរម្យ។

អតីតប្រឡាយទឹកស្អុយមួយនេះមានទទឹង ៥ម៉ែត្រ ប្រវែង ៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ចំណុចមុខសណ្ឋាគារសុខា ឆ្ពោះទៅវិថីព្រះសង្ឃរាជ ទេព វង្ស ជិតផ្សាររាត្រី ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រជាពលរដ្ឋនៅទីនោះតែងថ្ងូរថាមានក្លិនស្អុយខ្លាំង ប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ និងបរិស្ថានយ៉ាងខ្លាំងនៅតំបន់នេះ ត្រូវបានធ្វើការកែលម្អមកជាផ្លូវសម្រាប់ថ្មើរជើង នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតក្នុងទឹកដីអង្គរ។

សូមជម្រាបថា ផ្លូវ៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ដែលធ្វើឱ្យខេត្តសៀមរាបប្រែមុខមាត់ថ្មី ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ ក៏ដោយ។

គួររំលឹកថា លោក លី រស្មី ជារដ្ឋលេខាធោការក្រសួងរៀបចំដែនដី ដែលមានបទពិសោធស្នាដៃស្ថាបត្យកម្មជាច្រើននៅកម្ពុជា រួមមាន៖ អគារវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេតិយ​តតម្កល់សព សម្តេចវិបុលបញ្ញា សុខ អាន ​អគារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​សាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ​ (AUPP) ក្រសួងបរិស្ថាន ​និងរដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ជាដើម។​

ជាមួយគ្នានេះ លោកក៏បានចូលរួមរៀបចំ និងសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ និងការរៀបហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងក្រុងសៀមរាប រួមមានការកែលំអរស្ទឹង និងប្រែក្លាយប្រឡាយទឹកស្អុយផងដែរ៕