អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថ្មីៗបានបង្ហាញថា សេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ ។ ផ្អែកទៅលើការឡើងនេះបានធ្វើឱ្យអ្នកជំនាញខាងម្រេចកម្ពុជាមានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេចនេះ នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។

លោក អប់ រ៉ាឌី អគ្គនាយករងជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥បានធ្វើបទបង្ហាញ “ដើម្បីរៀបចំគោលនយោបាយម្រេច នេះយើងមានទីប្រឹក្សាជាតិនិងអន្តរជាតិ។ សេចក្តីព្រាងគោលនយោបាយម្រេចឈានទៅអនុម័ត ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ ។ បច្ចុប្បន្ននេះយើងបានធ្វើសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់រួចហើយយើងកំពុងតែពិនិត្យនិងដាក់ទៅជាភាសាខ្មែរនិងរៀបចំប្រជុំតាមកម្មវិធី និងពេលវេលាដែលបានកំណត់។យើងសង្ឃឹមថានៅក្នុងឆមាសទី២យើងនឹងទទួលបានគោលនយោបាយម្រេចយកទៅអនុវត្ត”។

ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា អ្នកស្រី សួន ជុឡា បានឱ្យដឹងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេច វាមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតនូវគោលនយោបាយម្រេចដើម្បីឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយនោះអង្គការដៃគូអភិវឌ្ឍន៍ មួយចំនួនបានព្យាយាមជួយដល់ទាំងអ្នកនាំចេញ និងកសិករ។
តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជាបានទទួលស្គាល់ថា រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ ។ សម្រាប់កសិករមួយចំនួនទទួលបានចំណេះដឹងបានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួនដើម្បីទទួលបានស្តង់ដាសុវត្ថិភាព តែកសិករមួយចំនួនផ្សេងទៀតការអនុវត្តនៅមានកម្រឹក។ ការកង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ។ដូនេះទៅថ្ងៃមុខសង្ឃឹមថារាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។
អ្នកស្រី សួន ជុឡា សង្កត់ធ្ងន់ថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយម្រេច។ ដោយសារនៅក្នុងការរៀបចំគោលនយោបាយម្រេច បានប្រមូលផ្តុំនូវធាតុចូលបានច្រើន មកពីខាងសហគមន៍កសិកម្ម សហព័ន្ធ ពីក្រុមហ៊ុន យកទៅចងក្រងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាជូនកសិករនិងអ្នកពាក់ព័ន្ធផ្សេងៗ”៕


