ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានឧបត្ថម្ភថវិកា និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស រួមទាំងគណៈគ្រប់គ្រងសាលាបឋមសិក្សារំលេច ព្រមទាំងមាតាបិតា អាណាព្យាបាលសិស្ស ស្ថិតនៅភូមិបឹងរំលេច ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមកម្មវិធី “ទិវាសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារ។”

ដើម្បីចែករំលែកក្តីស្រឡាញ់ និងជួយលើកទឹកចិត្តដល់កុមារសិស្សានុសិស្សជនបទដាច់ស្រយាលដែលកំពុងខ្វះខាតក្នុងការសិក្សា ធនាគារ អេស ប៊ី អាយ លី ហួរ រួមជាមួយបុគ្គលិក និងថ្នាក់ដឹកនាំ បានឧបត្ថម្ភជាសម្ភារសិក្សាដល់ សិស្សានុសិស្ស សរុបចំនួន១៣៧នាក់ រួមជាមួយនឹងកាដូបន្តិចបន្តួច ដល់មាតាបិតា អាណាព្យាបាលផងដែរ ក្នុងន័យលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់កូនៗគ្រប់រូបឱ្យបានសិក្សារៀនសូត្រ ។ ជាមួយគ្នានេះដែរ ធនាគារបានផ្តល់ជូនថវិកាលើកទឹកចិត្តមួយចំនួនដល់ គណៈគ្រប់គ្រងសាលា លោកគ្រូ និងអ្នកគ្រូ សម្រាប់ជា ការថ្លែងអំណរគុណចំពោះការខិតខំបង្រៀន អប់រំសិស្សានុសិស្សទាំងអស់ដែល កំពុងសិក្សានៅសាលាបឋមសិក្សារំលេច។

កម្មវិធី “ទិវាសប្បុរសធម៌ ដើម្បីស្នាមញញឹមកុមារ” ដែលផ្តួចផ្តើមឡើងនិងចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ ថ្នាក់របស់ ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាយុទ្ធនាការចូលរួមចំណែកជំនួយមួយផ្នែក ក្នុង ការលើកកម្ពស់វិស័យ អប់រំធនធានមនុស្សក្នុងសង្គមសព្វថ្ងៃ។ បន្ថែមពីសាមគ្គីភាពរបស់បុគ្គលិកទាំងអស់ក្នុងការជួយ ដល់ការសិក្សាកុមារ នៅក្នុងសាលាបឋម សិក្សានេះ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏បានផ្តល់ជូនកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ ក្រដាសរ៉ាម ប៊ិច សៀវភៅសរសេរ សម្រាប់ប្រើប្រាស់នៅសាលារៀន ដែលជួយសម្រួលដល់ការងាររដ្ឋបាល និងការរៀបចំកិច្ចការបង្រៀនរបស់លោកគ្រូ អ្នកគ្រូទៀតផងរ។

លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានលើកឡើងថា៖ “ការទទួលបានការអប់រំពេញលេញ គឺជាមូលដ្ឋានដ៏រឹងមាំក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិសម្រាប់ប្រទេសជាតិទាំងមូល ដូច្នេះហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏បានដើរតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយ ជម្រុញ និងគាំទ្រដល់វិស័យអប់រំ សម្រាប់ប្រទេសកម្ពុជានាពេលប្ចុប្បន្ន និងអនាគត ជាពិសេសជូនដល់កុមារា កុមារីយើងនៅជនបទដាច់ស្រយាល ដែលកំពុងខ្វះលទ្ធភាពទទួលបានការអប់រំ ។” ជាការអនុវត្តតរៀងមកទោះក្នុងកាលទេសៈ លំបាកយ៉ាងណាក្ដី ធនាគារ អេស ប៊ី អាយ លី ហួរ នៅតែបន្តយកចិត្តទុកដាក់ដល់សហគមន៍ ជាមួយនឹងកម្មវិធីសង្គមជាច្រើនដើម្បីការរីកចម្រើនប្រកបដោយនិរន្តភាពក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារ អេស ប៊ី អាយ លី ហួរ នឹងបន្តស្វែងរកលទ្ធភាព ដើម្បីជួយដល់សហគមនៅក្នុងតំបន់ដាច់ស្រយាលដែលកំពុងជួបការលំបាកបន្ថែមទៀត។
អំពីធនាគារ អេស ប៊ី អាយ លី ហួរ៖
ធនាគារ អេស ប៊ី អាយ លី ហួរ បានបើកបម្រើសេវាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ នៅឆ្នាំ២០១២ ហើយបានប្រែក្លាយខ្លួនទៅជាធនាគារពាណិជ្ជ ក្រោយពីទទួលបានអាជ្ញាបណ្ណធ្វើប្រតិបត្តិការធនាគារពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមវិនិយោគពីដៃគូជាយុទ្ធសាស្រ្តរវាង លោកអ្នកឧកញ៉ា លី ហួរ និងក្រុមហ៊ុន ជប៉ុនដ៏ធំ SBI Holdings, Inc.។
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានបណ្តាញសាខាប្រតិបត្តិការទូទាំង២៥ រាជធានី និងខេត្ត ក្នុងប្រទេស កម្ពុជា ដែលមានទ្រព្យសកម្មជាង ១.០០០ លានដុល្លារអាមេរិក មានសាខាសរុបចំនួន៥១ទីតាំង និងមានម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សរុបជាង៥០កន្លែង និងមានការសហការដៃគូដាក់ និងដកប្រាក់ជាមួយក្រុមហ៊ុន លី ហួរ វេរលុយ ចំនួនជាង ៣.០០០កន្លែង នៅទូទាំងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជន។ ស្របពេលជាមួយគ្នានេះផងដែរ ធនាគារក៏កំពុងពង្រីកបណ្តាញសាខា និងដាក់បន្ថែមនូវម៉ាស៊ីនដកប្រាក់/ដាក់ប្រាក់ (ATM/CRM) សេវាផ្ទេរប្រាក់នៅក្នុង និងក្រៅប្រទេស តាមរយៈប្រព័ន្ធ Swift, Ripple, MoneyGram ព្រមទាំងធ្វើទំនើបកម្មធនាគារចល័តឌីជីថលបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការធនាគារក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនឱ្យកាន់តែល្អប្រសើរឡើង និងស្របទៅតាមតម្រូវការរបស់អតិថិជន៕








