សមាគមធនាគារ៖ វិស័យធនាគារកម្ពុជា នៅតែមានភាពរឹងមាំល្អប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុ (CMA) បានអះអាងថា​ វិស័យធនាគារ ​និង​ហិរញ្ញវត្ថុកម្ពុជា ​នៅតែបន្តមានភាពរឹងមាំ ​ពោលគឺមានសន្ទនីយភាពគ្រប់គ្រាន់ និងស្ថិត​ក្រោមការត្រួតពិនិត្យពីធនាគារជាតិ (NBC)​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអះអាងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន​មួយចំនួន ពាក់ព័ន្ធ​នឹងស្ថានភាពរអាក់រអួលផ្នែកហិរញ្ញវត្ថុរបស់​ធនាគារ ដែលមិនបានឆ្លុះបញ្ចាំងជារួមពីប្រព័ន្ធធនាគារ ​និងហិរញ្ញវត្ថុនៅកម្ពុជា។​

ជាមួយគ្នានេះ សមាគមធនាគារ បានបញ្ជាក់ថា «ភាពរអាក់រអួល​ចំពោះ​ប្រតិបត្តិការបណ្តោះអាសន្ននៅស្ថាប័នហិរញ្ញវត្ថុណាមួយ ​មិនគួរយកទៅបកស្រាយថា​ ជាការ​ឆ្លុះបញ្ចាំង​ពីស្ថានភាពនៃប្រព័ន្ធធនាគារ ​និង​ហិរញ្ញវត្ថុទាំងមូលនោះឡើយ»។

​​យ៉ាងណាក៏ដោយ វិស័យធនាគារ និងហិរញ្ញវត្ថុនៅតែអនុវត្តបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង​ រួមទាំងការត្រួត​ពិនិត្យ និងវិធានការ​ធានាលើហានិភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ។

ស្ថិតក្នុងស្ថានភាពនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ​បាន​អំពាវ​នាវ​កុំឱ្យ​អតិថិជនដែលបានដាក់ប្រាក់​បញ្ញើ​នៅ​ក្នុងគ្រឹះ​ស្ថានធនា​គារ​​​នាំគ្នាសម្រុកទៅដកប្រាក់​ទាំងអស់​ចេញពីធនាគារ​ក្នុង​ពេល​តែមួយ​ ដែលវានឹង​ធ្វើ​​ឱ្យ​ធនា​គារខ្វះសាច់ប្រាក់​សងត្រឡប់។

លោកស្រី បានគូសបញ្ជាក់ថា «លុយបង្វិលអត់ទាន់ ​មិនមែន​ធនាគារ អត់មានលុយសងទេ ​ក៏ប៉ុន្តែធនាគារ បង្វិលអត់ទាន់ ​ដោយ​សារលុយទាំងអស់នោះ ​ធនាគារបានផ្ដល់ទៅឱ្យ​អ្នកដែលខ្ចី​ ហើយអ្នកដែលខ្ចីនោះ គឺខ្ចីរយៈពេលវែង​ ដូច្នេះហើយប្រសិន​បើទាំងអស់គ្នា​មកទារប្រាក់ទាំងអស់​ក្នុងពេលតែមួយ​ ធនាគារ​ក៏ត្រូវតែទារ​ពីអ្នកដែល​ឱ្យខ្ចីនោះទាំងអស់​ក្នុងពេលតែមួយ​ ហើយ​យើងដឹងហើយ ​អ្នកធ្វើអាជីវកម្ម ​គឺគាត់​គ្មានលទ្ធភាពសងត្រឡប់ទាំងអស់​ក្នុងពេល​តែមួយ​នោះ​ទេ»។​

ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវឱ្យអតិថិជនទុកពេលវេលាឱ្យធនាគារ​ជាតិបន្តធ្វើការជាមួយ​ធនា​គារដែល​ពាក់ព័ន្ធ និងរកវិធីដោះស្រាយប្រាក់បញ្ញើអតិថិជនទាំងអស់៕