ក្រសួងការងារ នឹងតម្លើងប្រាក់ឈ្នួលកម្មករ ២០០ដុល្លារ/ខែ

សង្គម​និង​សេដ្ឋកិច្ច

ប្រាក់ឈ្នួលកម្មករនឹងឡើង ២០០ដុល្លារក្នុងមួយខែ សម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។ នេះបើតាមការប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការងារបានឲ្យដឹងថា បន្ទាប់ពីប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន២៥លើក ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

ក្រសួងការងារបន្តថា ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខចំនួន៣ផ្សេងគ្នា គឺតួលេខ២០៦ដុល្លារអាម៉េរិក ២១០ដុល្លារអាមេរិក និង២១៣ដុល្លារអាមេរិក តំណាងភាគីនិយោជកបានដំឡើងដល់តួលេខចំនួន១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ កំណត់យកតួលេខ១៩៨ដុល្លារអាមេរិក។

យ៉ាងណា កិច្ចប្រជុំព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន១៩៨ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣៕