លោក ស៊ុន ចាន់ថុល៖ លើពិភពលោក គ្មានប្រទេសណាដាក់បង្គោលភ្លើងលើផ្លូវល្បឿនលឿនទេ

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ​​​​បាន​បញ្ជាក់​​ឱ្យ​ដឹង​ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ២០២២ ​ថា ​​នៅ​លើ​ពិភពលោក​នេះ​ គឺ​គ្មាន​ប្រទេស​ណា​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​​លើ​ផ្លូវ​ល្បឿន​លឿន​​នោះ​ទេ ​​ព្រោះ​វា​អស់​​ភ្លើង​ច្រើន​ណាស់ ​​ហើយ​សូម្បី​សហរដ្ឋ​អាមេរិក ក៏​​គ្មាន​ដូច​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ដំណើរ​ចុះពិនិត្យ និងសាកល្បងការបើកបរនាពេលយប់ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ​​កាល​ពី​យប់​មិញ​នេះ ​​លោក ស៊ុន ចាន់ថុល ​​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​ថា ជារួម​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ទើរ​តែ​ចប់​សព្វគ្រប់​ហើយ នៅ​ខ្វះ​តែ​ស្លាក​សញ្ញា​ និង​បង្កាន់​មួយ​ចំនួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផ្លូវ​នេះ​ល្អ​ហើយ អនុវត្ត​ការ​សាង​សង់​តាម​ស្តង់ដា​អន្តរជាតិ ដែល​បាន​ឯកភាព​គ្នា។

លោកទេសរដ្ឋមន្ត្រី បាន​បន្ថែម​ថា ផ្លូវ​នេះ​ជា​ផ្លូវ​ល្បឿន​លឿន​ ហើយ​ជា​ធម្មតា​ផ្លូវ​ល្បឿន​លឿន​នៅ​ទូទាំង​ពិភពលោក គេ​មិន​ដាក់​បង្គោល​ភ្លើង​​តាម​ផ្លូវ​រហូត​នោះ​ទេ ព្រោះ​វា​អស់​ភ្លើង​ច្រើន​ណាស់ ​ហើយ​​សូម្បី​នៅ​សហរដ្ឋ​អាមេរិក ក៏​គ្មាន​ដូច​គ្នា​ ប៉ុន្តែ​គេ​ប្រើ​ចំណាំង​ផ្លាត​ទាំង​សង​ខាង ​​ពេល​បើក​ទៅ​ចាំង​​ឱ្យ​​ឃើញ​ពី​គន្លង​មួយៗ​ច្បាស់។ ​ទោះ​យ៉ាងណា លោក​បាន​បញ្ជាក់​ថា ដោយ​ឡែក​សម្រាប់​​​ច្រក​ចូល​ផ្លូវ​ល្បឿន​លឿន​នីមួយៗ ​​គឺ​មាន​បង្គោល​​ភ្លើង​ដើម្បី​បំភ្លឺ​ជូន។

សូម​ជម្រាប​ជូន​ថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ថ្មីដំបូង​បង្អស់​ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។

ផ្លូវនេះមានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវ​បំបែក​ប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៦កន្លែង មាន​​កន្លែង​ឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ៕