ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធរបស់សម្តេចតេជោ ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាសាធារណៈ

សង្គម​និង​សេដ្ឋកិច្ច

ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ត្រូវបានដាក់សម្ពោធ​ផ្សព្វផ្សាយជាសាធារណៈ ​​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ឯ​សាល​មហាសន្និបាត ២០២១ នៃ​ទីស្តីការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ២០២២ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​មន្ត្រីក្រសួង អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ ជាអ្នកឧបត្ថម្ភ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវ​កិត្តិយស​សរុប​ប្រមាណ ២០០០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ដឹកនាំ​ការ​ថត​ដោយ លោក ហ៊ុន ហេង ប្រគុំ​​តន្ត្រី​ដោយ​វិទ្យុជាតិ​កម្ពុជា ច្រៀងដោយ​លោក យិន សារិន ​​ហើយ​នៅ​ពេល​នេះ ច្រៀង​ឡើង​វិញ​ដោយ​លោក ជិន វឌ្ឍនា សម្រួល​តន្ត្រីដោយ​លោក ប៊ូ វណ្ណមុនីរ័ក្ស និង​លោក កែវ ម៉ារ៉ា ​​ហើយ​ដឹកនាំ​ការ​ថត​ឡើង​វិញ​ដោយ​លោក ហ្វៃ សំអាង។

ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏​អស្ចារ្យ​បង្កប់​ដោយ​អត្ថន័យ អត្ថរូប និង​អត្ថរស​ដ៏​សម្បូរបែប​អំពី​ខ្សែ​ជីវិតពិត និង​ការ​តស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន ដែលជាកូន​កសិករ ហើយ​ក្រាញ​ននាល​ការ​លំបាក​សព្វ​បែប​យ៉ាង ដើម្បី​ចំណេះវិជ្ជា​ជា​ទ្រព្យ​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បាន។ គម្រូវីវភាព​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវ​បាន​លាត​ត្រដាង​យ៉ាង​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ភាពយន្ត​ចម្រៀង ជីវិតក្មេងវត្ត ដែល​មាន​ផលិតករ​ ៣រូប​រួម​គ្នា​គឺ លោកជំទាវ ចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និង​ឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ​ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ឯ.ក ​​បាន​ឧបត្ថម្ភ​បច្ចេកទេស​ថត និង​សម្ភារៈ​បម្រើ​ឱ្យ​ការ​ផលិត។ ភាពយន្តចម្រៀងនេះ ចំណាយថវិកា​ផលិត​អស់​ជាង ១២​ម៉ឺន​ដុល្លារ ដែល​ចំណាយ​ពេល​លើ​ការ​ផលិត​ជិត ១​ឆ្នាំ តាំងពី​ការ​រើស​ទីតាំង​ថត តួ​សម្តែង ថតរហូត​ដល់​ការ​កាត់ត​ជា​ដើម។

លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធាន​សមាគមសិល្បករខ្មែរ បាន​បញ្ជាក់​ឱ្យដឹង​ថា នេះ​ជា​វណ្ណកម្ម​ដ៏​វិសេស​វិសាល​បំផុត ដែល​ផលិតករ តួសម្តែង ក្រុមការងារ​ទាំងអស់ ក៏ដូចជា​អ្នកឧបត្ថម្ភ​គាំទ្រ ជាពិសេស​អ្នកដឹកនាំ​រឿង លោក ហ្វៃ សំអាង រួមគ្នា​យកចិត្ត​ទុកដាក់ ប្រើអស់​កម្លាំង​ចិត្ត សមត្ថភាព​និង​ធនធាន ដើម្បី​ផលិត​ភាពយន្ត​ចម្រៀង ប្រវត្តិសាស្ត្រនេះ ឱ្យ​ល្អ​បំផុត ព្រោះជា​ប្រវត្តិរឿងរ៉ាវ និង​ការ​តស៊ូ​របស់​នាយករដ្ឋមន្ត្រី គឺ​សម្តេចតេជោ ហ៊ុន សែន ដើម្បី​ទុកជា​គម្រូ​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី។

តួអង្គ​សម្តែង​ក្នុង​រឿង​នេះ សុទ្ធសឹង​ជា​សិល្បករ​សិល្បការិនី​ល្បីៗ ដែល​មាន​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​សម្តែង​បាន​គ្រប់​រស់ជាតិ​ជីវិត យំ សើច កើតទុក្ខ មុខជូរ… គឺ​អាច​ធ្វើ​បាន​ទាំងអស់។ ក្នុងនោះ​មាន​ដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ ខេមម៉ានូ ប្អូនប្រុស អោក ឧត្តម កញ្ញា នីតា វរវង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និង​មាន​តួអង្គ​ជា​ច្រើន​នាក់​ទៀត។

លោកជំទាវ ផលិតករ​រូប​នេះ ​​បាន​ធ្វើការ​កោតសរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ដល់​ក្រុមការងារ សិល្បករ​សិល្បការិនី ដែល​មាន​ការ​លះបង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​សម្តែង មិន​ថា​ក្តៅ រងារ យប់ថ្ងៃ ចុះបឹង ប្រឡាក់​ភក់​យ៉ាងណាក្តី​ នៅ​ប្រឹងរហូត​ជោគជ័យ តួយ៉ាង​កញ្ញា ឌួង ហ្សូរីដា ​​បាន​លះបង់​សក់​ជា​ទីស្រឡាញ់ កាត់​ខ្លី ដើម្បី​តម្រូវ​តាម​សាច់រឿង។ លោកជំទាវ បាន​បន្ត​ថា សមាគមសិល្បករខ្មែរ កន្លង​មក​ធ្លាប់​បាន​ផលិត​ភាពយន្ត​រឿង «បន្តោងឆ្នាំងដី» រឿង «ទារុណកម្មខ្មោច» ហើយ​ថ្មីៗ​នេះ​ សមាគមបាន​ផលិត​ភាពយន្ត​ចម្រៀង «ជីវិតក្មេងវត្ត» ដែលជា​ខ្សែ​ជីវិត​ពិត​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី។

លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំ​​ភាពយន្ត​ចម្រៀង ជីវិតក្មេងវត្ត បានបញ្ជាក់​ឱ្យដឹង​ថា វណ្ណកម្ម​ប្រវត្តិសាស្ត្រ​ដ៏​វិសេស​វិសាល​នេះ មាន​កិច្ចការ និង​ការ​សម្រេច​ចិត្ត​ធំៗ ដែល​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យកចិត្ត​ទុក​ដាក់ ទាំង​ភាសា​សន្ទនា ការ​ជ្រើសរើស​តួសម្តែង ទីតាំង​ថត ក្រៅពីនោះ​នៅ​មាន សម្ភារៈបច្ចេកទេស​ទំនើប បច្ចេកទេស​កាត់ត ដែល​ត្រូវ​ប្រើប្រាស់​បម្រើ​ដល់​ការ​ផលិត ក្នុង​នោះ​មាន​ក្រុមការងារ​ជំនាញ​ពី​គ្រប់​ផ្នែក​ដែល​មិន​អាច​អត់​បាន។

លោក ហ្វៃ សំអាង ​​បាន​​បង្ហាញ​អារម្មណ៍​រំភើប​ចំពោះ​វណ្ណកម្ម​ភាពយន្ត​ចម្រៀង ជីវិតក្មេងវត្ត ​​ហើយ​បាន​រំលឹក​ពី​ការ​យកចិត្ត​ទុកដាក់ ផ្តល់​អនុសាសន៍ និង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​​បំផុត ពី​សម្តេច​តេជោ ហ៊ុន សែន ដែល​សម្តេច​តែង​ឆ្លើយ​តប និង​ប្រាប់​អំពី​ដំណាក់​កាល​នៃ​ជីវិតពិត​របស់​សម្តេច ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា សម្តេចតេជោ ហ៊ុន សែន ក្នុង​តួនាទី​ដ៏​ខ្ពង់ខ្ពស់ មិន​ត្រឹម​ដឹកនាំ​ប្រទេស​ស្វែងរកសន្តិភាព ធានា​នូវស្ថិរភាព និង​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ តែ​សម្តេច​ថែម​ទាំង​មាន​បេះដូង​សិល្បៈ យកចិត្ត​ទុកដាក់​គ្រប់​សេណារីយោ និង​ម៉ត់ចត់​ជា​ទីបំផុត ទើបវណ្ណកម្ម​ប្រវត្តិសាស្ត្រ​មួយនេះ បាន​សម្រេច​យ៉ាង​ជោគជ័យ​បំផុត។

ឧកញ៉ា ហេង ឡុង ប្រធានសមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយសង្គម និង​ជា​ផលិតករ​មួយរូប បាន​ប្រាប់​ឱ្យ​ដឹង​ថា នឹង​មាន​វណ្ណកម្ម​ពិសេសៗ​ទាក់ទង​នឹងភាពយន្ត​ចម្រៀង ដែលជា​ជីវិត​ពិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាបន្តបន្ទាប់ទៀត​ផងដែរ។

គួររំលឹកថា បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀង​កាយវិការ​ម្តង​ហើយ កាលឆ្នាំ២០០០ ដោយ​​ផលិតកម្ម​ហង្សមាស ក្រោមការដឹកនាំ​ដោយ លោក ហ្វៃ សំអាង ហើយ​ក៏​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​មហាជន ដោយ​ឡែក​ការ​ផលិត​ម្តង​ទៀត​នេះ មាន​ទម្រង់​ជា​ភាពយន្ត​ហើយ​ល្អ​វិសេសវិសាល​បំផុត៕