សម្តេចតេជោស្នើឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដកស្រង់ពិសោធនពីមហាសន្និបាតនេះ

សង្គម​និង​សេដ្ឋកិច្ច

ប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងបានបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ នាសណ្ឋាគារសុខា ភ្នំពេញ។ មហាសន្និបាតនេះ គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ហើយត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកនាព្រឹកនេះ នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងឆ្នាំ ២០២២ នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្ដូរយោបល់ និងការដក ស្រង់នូវបទពិសោធន៍ជាក់ស្តែង ព្រមទាំងធាតុចូលល្អៗដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញដោយអ្នកជំនាញវិស័យកីឡានិងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុម ប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៍ធំនេះនៅកម្ពុជា។

សម្តេចបន្តថា ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេន អាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅ ក្នុងតំបន់។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ហើយត្រូវបង្កើនការធ្វើពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

បន្ថែមពីលើនេះដែរ សម្តេចតេជោក៏ស្នើឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។

ទន្ទឹមនឹងនេះ សម្តេចក៏អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជាទទួលបានជោគជ័យខ្ពស់៕