មកកម្ពុជាជើងនេះ ប្រធានាធិបតីទីម័រទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ចំនួន២

សង្គម​និង​សេដ្ឋកិច្ច

ប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅភ្នំពេញ រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Jose Ramos-Horta ចូលសម្តែងការគួរសមព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដល់ព្រះបរមរាជវាំង និងជួបពិភាក្សាការងារជាមួយឥស្សរជនខ្ពស់កម្ពុជា មានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ក្រៅពីកិច្ចការផ្លូវរដ្ឋនៅកម្ពុជានាពេលនេះ ប្រធានាធិបតីទីម័រខាងកើត ត្រូវបានសាកលវិទ្យាល័យឯកជនល្បីឈ្មោះចំនួន ២ ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែកផ្សេងគ្នា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

ឧកញ៉ា លី ឆេង ស្ថាបនិកសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ សម្រេចជាឯកច្ឆន្ទប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership) ដល់លោក Jose Ramos-Horta ដែលផ្អែកលើលក្ខខណ្ឌ និងមានតម្លៃលើសលុបជាសកលក្នុងកិច្ចការអប់រំ និងភាពជាអ្នកដឹកនាំដើម្បីឯករាជ្យជាតិ សន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសជាតិនិងប្រជាជន និងជាគំរូសម្រាប់យុវជនជំនាន់ក្រោយ។

ក្នុងថ្ងៃដដែលនេះ សាកលវិទ្យាល័យកម្ពុជា PUC របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គីមហួន ក៏បានផ្តល់សញ្ញាបត្រសាស្រ្តាចារ្យឆ្នើម ដល់ប្រធានាធិបតីទីម័រឡេស្ត មួយបន្ថែមទៀត។

គួររំលឹកថា លោក Jose Ramos-Horta ជាសម្មជននយោបាយមួយរូបដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៩៦ សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកមកនូវសន្តិភាព និងឯករាជ្យដល់ប្រទេសទីម័រខាងកើត ដែលធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសព័រទុយហ្គាល់ និងស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ១៩៧៥ ដល់ ១៩៩៩។

លោកកាន់ដំណែងនាយរដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត ចន្លោះឆ្នាំ ២០០៦ និងឡើងធ្វើជាប្រធានាធិបតីនៅឆ្នាំ ២០០៧៕