នាយករដ្ឋមន្រ្តីចិន លី ខឺឈាង មកដល់កម្ពុជាហើយ នៅយប់ថ្ងៃអង្គារនេះ

សង្គម​និង​សេដ្ឋកិច្ច

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានមកដល់ប្រទេសកម្ពុជាហើយ នៅយប់ម៉ោងប្រមាណ ៧:៣០នាទីថ្ងៃទី៨វិច្ឆិកានេះក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃនៅកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលទស្សនកិច្ចលើនេះ លោក លី ខឺឈាង នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ។

ទន្ទឹមនឹងនោះ នាយកដ្ឋមន្រ្តីចិនរូបនេះក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្ដីកង្វល់រួម។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក៏មាននឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន និងសម្ពោធជានិមិត្តរូបបើកឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

លើសពីនេះ នាយករដ្ឋមន្ត្រីចិន លី ខឺឈាង នឹធ្វើទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដែលក្នុងឱកាសនោះ លោក នឹងធ្វើជាអធិបតីជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញនៃប្រាសាទតាកែវផងដែរ៕