ព្រះចៅស៊ុលតង់ អះអាងច្បាស់ៗថា រដ្ឋសមាជិកអាស៊ាននឹងសម្រេចកំណើនសេដ្ឋកិច្ចក្នុងអត្រា៥,៣% និង៤,៩% ក្នុងឆ្នាំ២០២២-២៣

សង្គម​និង​សេដ្ឋកិច្ច

ក្នុងសុន្ទរកថា ផ្ទាល់ព្រះអង្គ ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ បានថ្លែងទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជារដ្ឋសមាជិកអាស៊ានថា នឹងទទួលបានកំណើនក្នុងអត្រា ៥,៣% និង ៤,៩% ក្នុងឆ្នាំ២០២២ និង២០២៣ រៀងគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្ទរកថាដដែលរបស់ទ្រង់ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម អះអាងទៀតថា កំណើនសេដ្ឋកិច្ចជាវិជ្ជមាននៅតាមបណ្ដាប្រទេសជារដ្ឋសមាជិកអាស៊ានក្នុងឆ្នាំនេះ និងឆ្នាំក្រោយ គឺជាអត្រាខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀតនៃសកលលោក។

យ៉ាងណាមិញ ព្រះចៅស៊ុលតង់ ហាជី បានរំលេចនូវសារក្រើនរំឮកថា ទោះបីគ្រួសារអាស៊ានកំពុងមើលឃើញពីផ្លែផ្កាពីការខិតខំរបស់រដ្ឋជាសមាជិកក្នុងពេល និងក្រោយពេលវិបត្តិកូវីដប្រកបដោយចីរភាពក្ដី អាស៊ានក៏ត្រូវតែប្រុងប្រយ័ត្នជានិច្ច ត្បិតស្ថានភាពសង្គម-សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងប្រឈមនឹងការបែកខ្ញែកគ្នាដោយអន្លើរនៅឡើយ។

គួររំឮកបន្តិចថា ក្នុងព្រះរាជដំណើរយាងចូលរួមប្រជុំអាស៊ាននៅកម្ពុជា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារ៉ូសាឡឹម ទ្រង់ បានយាងដល់កម្ពុជា កាលពីរសៀលថ្ងៃពុធ ទី៩ ខែវិច្ឆិកា  ដោយបើកបរព្រះទីនាំងយន្តហោះផ្ទាល់ព្រះអង្គយាងអមដោយព្រះរាជបុត្រព្រះអង្គ គឺព្រះអង្គម្ចាស់ Mateen។

ដោយឡែក ក្នុងសេចក្ដីថ្លែងការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃសុក្រ ទី១១ វិច្ឆិកា ដដែលនេះ សម្ដេចមានប្រសាសន៍ថា អាស៊ាននឹងបំពេញបន្ថែមនូវសេចក្ដីថ្លែងការណ៍ ២ផ្សេងទៀត គឺ សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពី “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” និងសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីរបៀបវារៈនៃការតភ្ជាប់អាំស៊ាន ក្រោយឆ្នាំ ២០២៥៕