បណ្ឌិតវិស្វករមកពីថៃម្នាក់ ទទួលការតែងតាំងឋានៈស្មើ «រដ្ឋលេខាធិការ» ក្រសួងដែនដី

សង្គម​និង​សេដ្ឋកិច្ច

លោក គី វិសុទ្ធសម្បត្តិ ​​ត្រូវ​បាន​ព្រះមហាក្សត្រ​​​ចេញ​ព្រះរាជក្រឹត្យ ​​តែងតាំង និង​ផ្តល់ឋានៈ​ជា «អគ្គលេខាធិការ» ​នៃ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ មាន​​ឋានៈ​ស្មើ «រដ្ឋលេខាធិការ» ​​កាលពី​ថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក គី វិសុទ្ធសម្បត្តិ ​ត្រូវ​បាន​គេ​ដឹង​ថា លោក​បាន​បញ្ចប់​​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ផ្នែក​វិស្វករ​ហេដ្ឋារចនាសម្ព័ន្ធ ​​និង​ថ្នាក់​បណ្ឌិត ផ្នែក​វិស្វករ​ហេដ្ឋារចនាសម្ព័ន្ធ មក​ពី​សាកល​វិទ្យាល័យ Chulalongkorn ​​ទីក្រុង​បាងកក​ ប្រទេស​ថៃ។ រីឯ​បទ​ពិសោធន៍​ការងារ លោក​ធ្លាប់​ធ្វើ​ជា​​សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន​ជាតិ​បណ្តុះ​បណ្តាល​បច្ចេកទេស ពីឆ្នាំ​២០១៥-២០១៧, អនុប្រធាននាយកដ្ឋាន​វិស្វកម្មសំណង់​ស៊ីវិល នៅ​សាកលវិទ្យាល័យ​ន័រតុន ​​ឆ្នាំ២០១៥-២០២០ និង​ជា​សាស្ត្រាចារ្យ​នៅ​​វិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​កម្ពុជា ចាប់ពី​ឆ្នាំ២០១៨-២០២១ ហើយ​​លោក​​​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ដែនដី តាំង​ពី​ខែ​កក្កដា ឆ្នាំ២០២១ មក​ដល់​បច្ចុប្បន្ន។

“ខ្ញុំបាទ គី វិសុទ្ធសម្បត្តិ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូន​ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្តល់សេចក្តី​ទុកចិត្ត​ដល់រូបខ្ញុំបាទ បានទូលថ្វាយព្រះមហាក្សត្រតែងតាំងខ្ញុំបាទជា អគ្គលេខាធិការនៃអគ្គលេខាធិការ​ដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ មានឋានៈស្មើ រដ្ឋលេខាធិការ។ ខ្ញុំបាទនឹងប្រើតួនាទី​នេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ឱ្យ​កាន់តែប្រសើរ​ឡើង​ថែមទៀត”។ លោក គី វិសុទ្ធសម្បត្តិ បាន​បង្ហោះសារ​​ថ្លែង​អំណរគុណ លើ​ទំព័រ​ហ្វេសប៊ុក ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០២២​នេះ៕