ប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួម«ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកឯកជនកម្ពុជា ក្នុងវិស័យទេសចរណ៍កម្ពុជា អញ្ជើញដល់ទីក្រុងហៃគូនៃសាធារណរដ្ឋប្រជាមានិតចិន ដោយឆ្លងកាត់តាមទីក្រុងក្វាងចូវ ប្រកបដោយសុខសុវត្ថិភាព និងទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅដោយលោក ទុន ថុនា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តក្វាងចូវ លោកស្រី Lin Qian ប្រធានការិយាល័យការបរទេសក្រុងហៃគូ និងលោក អុីវ សុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តហៃណាន ដើម្បីចូលរួមព្រឹត្តិការណ៍ «ទិវាផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ទីក្រុងហៃគូ ឆ្នាំ២០២៦ លើកទី៣» និងកម្មវិធីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះ រៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដែលព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងវប្បធម៌ផូរផង់របស់កម្ពុជាដល់ប្រជាជនចិន ព្រមទាំងផ្សព្វផ្សាយពីយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅលើវិថីដើរ Qilou ដ៏ល្បីជាប្រវត្តិសាស្ត្ររបស់ទីក្រុងហៃគូ ដែលមានទេសចររាប់ម៉ឺននាក់ដើរកម្សាន្តជារៀងរាល់ថ្ងៃ ដោយមានការសម្តែងសិល្បៈបុរាណ និងសហសម័យកម្ពុជា-ចិន និងការដាក់តាំងបង្ហាញនូវផលិតផលរបស់កម្ពុជាផងដែរ។

បន្ថែមលើនេះ លោក ហួត ហាក់ ក៏នឹងអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) ដែលបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់កម្ពុជា និងការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិនមកទស្សនាកម្ពុជា ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ផងដែរ៕